ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីម្នាក់មកទទួលសពបងប្អូនត្រូវចោរឆក់កាបូបបានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ធ្វើសកម្មភាពឆក់កាបូបពីរស្ដ្រីម្នាក់បាន​សម្រេច ​តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បើករថយន្ដដេញតាមគៀបឲ្យដួលរួចយកកាបូបបានប្រគល់ឲ្យម្ចាស់វិញ ហើយជនសង្ស័យរត់ចូលក្នុងរបងសាលាទិចណូ តែត្រូវប្រជាពលដេញតាមចាប់បានវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង៨និង១៥នាទីស្ថិតនៅត្រង់ស្ដុបទិចណូ សង្កាត់ទឹក​ល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ដ្រីម្នាក់បានចុះពីលើរថយន្ដឈ្នួលបានកាន់កាបូប ដែលធ្វើដំណើរមកពីខេត្ដដោយមកទទួលយកសពបងប្អូនស្រាប់តែពេលនោះលេចមុខជនសង្ស័យ​ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ស ដែលគ្មានស្លាក​លេខជិះមកអែបទៅនិងស្រ្ដីរងគ្រោះបានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីរងគ្រោះតែម្ដង ខណៈ​ពេល ដែលធ្វើសកម្មភាពឆក់បានសម្រេចហើយជនសង្ស័យទាំង២បានជិះម៉ូតូគេចខ្លួនតែត្រូវអ្នក ដែលធ្វើដំណើរតាមផ្លូវបើករថយន្ដដេញគៀបឲ្យដួលរួចយកកាបូបបានមកវិញដោយជនសង្ស័យទាំង២នាក់មានការភិតភ័យពេកក៏នាំគ្នារត់ចោលម៉ូតូដោយជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ជនសង្ស័យម្នាក់​ទៀតបានរត់ចូលទៅ ក្នុងសាលាទិចណូ​ក៏ត្រូវ​បងប្អូនប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធចាប់និងស្វាគមន៍មួយចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកស្ដ្រីរងគ្រោះមិនបានទៅដាក់​ពាក្យ​បណ្ដឹងនោះទេដោយមានការប្រញ៉ាបទៅយកសពបងប្អូន ដែលស្លាប់នៅក្នុងមន្ទីរពេទ្យទៅធ្វើបុណ្យនៅស្រុក​ ។

ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរនៅប៉ុស្តិនគរបាលទឹកល្អក១​បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន​ជនសង្ស័យនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស តារា


ចែករំលែក៖