ភ្នំពេញ៖ យោងតាមលិខិតស្នើសុំរបស់សមាជិកព្រឹទ្ធសភាចំនួន២៧រូប ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០ នៅវិមានព្រឹទ្ធសភា ដោយមានរបៀបវារៈ៖
១. ពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្ម បទបញ្ញាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
២. ការបោះឆ្នោតជ្រើសរើសបំពេញ សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា ។
របៀបវារៈទី១
-តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី នៃសេចក្តីស្នើវិសោធនកម្មនេះ មានចំនួន២រូប គឺលោក ជា ជេដ្ឋ លោក ម៉ែន ស៊ីផាន់ និងអមដោយលោក អ៊ុ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ។
-ក្រោយពីស្តាប់របាយការណ៍ ស្តីពីការពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ញាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជារបស់លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា និងស្តាប់ការពិភាក្សាផ្តល់យោបល់របស់សមាជិកព្រឹទ្ធសភា និងការបំភ្លឺពីលោក ជា ជេដ្ឋ តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អង្គព្រឹទ្ធសភា បានអនុម័តចំនួន ៤៣ សម្លេង យល់ព្រមដោយឥតកែប្រែ លើខ្លឹមសារទាំងមូល នៃសេចក្តីស្នើវិសោធនកម្មខាងលើ។
របៀបវារៈទី២៖ លោកប្រធានស្តីទីព្រឹទ្ធសភា បានជំរាបជូនអង្គប្រជុំជ្រាបៈ
_ព្រឹទ្ធសភា បានចេញសេចក្តីសម្រេច ទទួលស្គាល់លោកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៣ (សេចក្តីសម្រេចលេខ ០៤៣/០៦១៧/ពស/សរ.នវ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧)
-លោកស្រី គុណ លំអង បានចូលធ្វើសច្ចាប្រណិធាន ចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧
-អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា នីតិកាលទី៣ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ សម្រេចបញ្ចូលមកក្នុងរបៀបវរៈ ប្រជុំវិសមញ្ញ ព្រឹទ្ធសភា នាថ្ងៃនេះ អំពីការបោះឆ្នោតជ្រើសបំពេញសមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា(ការបោះឆ្នោតសម្ងាត់)។
លទ្ធផលនៃការបោះឆ្នោតសម្ងាត់ ជ្រើសរើសបំពេញលោកស្រី គុណ លំអង ជាសមាជិកគណៈកម្មកាទី១០ មានដូចតទៅ៖
-ចំនួនសន្លឹកឆ្នោតដែលបានចែក៖៥១សន្លឹក
-ចំនួនសន្លឹកឆ្នោតដែលបានបោះ៖៥១សន្លឹក
-ចំនួនសន្លឹកឆ្នោតមិនបានការ៖០២សន្លឹក
-ចំនួនសំឡេងដែលទទួលបាន៖
-យល់ព្រម៖១៨សំឡេង
-មិនយល់ព្រម៖២៣សំឡេង
-អនុបវាទ៖០៨សំឡេង
លោកស្រី គុណ លំអង ទទួលបានសំឡេងគាំទ្រចំនួន ១៨សំឡេង គឺតិចជាងមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ហេតុនេះ លោកស្រី គុណ លំអង ពុំបានជាប់ឆ្នោតជាសមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ឡើយ….៕ ហេង សូរិយា