ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះ​ក្រុម​មេធាវី​ និង​អគ្គនាយក​រង​ពន្ធដារ​ត្រូវបានបញ្ចប់

ចែករំលែក៖

ភ្នំពេញ​៖​បន្ទាប់​ពី​ លោក​ហ៊ុន​ ម៉ានិត​ កូនប្រុស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ចេញ​មុខ​ជា​អាជ្ញាកណ្ដាល​ ជម្លោះ​ក្រុម​មេធាវី​និង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឈាន​ដល់​ការ​សម្របសម្រួល​គ្នា​បញ្ចប់​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ​ហើយ​ បន្ទាប់ពី​ភាគី​ម្ខាង​សុំទោស​ និង​ ភាគី​ម្ខាង​ទៀត​ទទួល​យក​ ហើយ​ព្រម​ដក​បណ្តឹង​​​ ។

ជម្លោះ​ដ៏​បែក​ផ្សែង​ បន្ទាប់ពី​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ អគ្គនាយក​រង​ពន្ធដារ​ សរសេរ​ប្រៀបធៀប​ថា​ “មេធាវី​ជា​សត្វ​គោ​”​ នោះ​ បណ្ដឹង​ព្រហ្មទណ្ឌ​មួយ​ បាន​ដាក់​ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

លោកមេធាវី​​ លី​ ច័ន្ទ​តុលា​ តំណាង​មេធាវី​៦១រូប​ បញ្ជាក់​ថា​ លោក​បាន​ដាក់​ពាក្យ​សុំ​ដក​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ជូន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ ហើយ​សុំ​បញ្ចប់​សំណុំ​រឿង​នេះ​ ស្រប​តាម​បញ្ញត្តិ​នៃ​មាត្រា​៣០៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ លោក​ថា​ “​ លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ក៏បាន​ដាក់​ពាក្យ​សុំទោស​ចូល​ទៅ​ក្នុង​សំណុំ​រឿង​ផងដែរ​ “​ ។​

ការ​បញ្ចប់​ជម្លោះ​ដ៏​ក្ដៅ​គគុក​នេះ​ ក៏​មាន​ការ​សម្របសម្រួល​ពី​លោក​ ហ៊ុន​ ម៉ានិត​ កូនប្រុស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ផង​ដែរ​ ។​ លោក​មេធាវី​ លី​ ច័ន្ទ​តុលា​ អះអាងថា​ លោក​ ហ៊ុន​ ម៉ានិត​ រៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​មួយ​ ដោយ​មាន​ក្រុម​មេធាវី​និង​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ។​ ក្នុង​ស្មារតី​សាមគ្គី​ យោគយល់​ អធ្យាស្រ័យ​ និង​ ផលប្រយោជន៍​ជាតិ​ និង​ វិជ្ជាជីវៈ​ ក្រុម​មេធាវី​និង​លោក​វ៉ាន់​ ពុទ្ធិ​ពល​ យល់​ព្រម​បញ្ចប់​រឿង​នេះ​ តាម​ផ្លូវ​តុលាការ​ ៕ ចេស្តា


ចែករំលែក៖