ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ ចុះប្រតិបត្តិការតាមគោលដៅនៅវេលាម៉ោង៤ និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក៏បានប្រទះឃើញ មនុស្ស ប្រុស ស្រី ចំនួន៥នាក់ មានការសង្ស័យ ក៏ហៅសួរនាំ ខណៈនោះ ក្រុមជនសង្ស័យ ក៏បាននាំគ្នារត់ ទើបកម្លាំងដេញប្រមាញ់ រហូតឈានដល់ធ្វើឃាត់ខ្លួនបានភ្លាមៗ រួចយកមកសួរនាំនៅការិយាល័យជំនាញតែម្តង។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងខេត្ត ទទួលផែនបទល្មើសព្រហ្មទណ្ឌ បានប្រាប់ថា បន្ទាប់ពីកម្លាំងរបស់យើងបានឃាត់ខ្លួន និងសួរនាំ រួចមក ជនសង្ស័យ ប្រុស ស្រីទាំង៥នាក់រួចមកពួកគេបានសារភាពថាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ភ្ញៀវបរទេសម៉ាក ហ៊ូវៃ(Huawei)ពណ៌មាស ចំនួនមួយគ្រឿង កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សាររាត្រី (ផប់ ស្ទ្រីត )ក្នុងភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប រួចបំរ៉ុងយកទៅលក់ យកលុយចែកគ្នា ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ជនសង្ស័យ ប្រុស ស្រី ទាំង៥នាក់មាន៖ ទី១ ឈ្មោះ ហ៊ុន យឿង ភេទប្រុស អាយុ27ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប,ទី២ ឈ្មោះ វៀត សុភាព ភេទស្រី អាយុ32ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប,ទី៣ ឈ្មោះ ទូច ជីងចក់ ភេទស្រី អាយុ34ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប,ទី៤ ឈ្មោះ រ៉េត ញ៉ាញ់ ភេទស្រី អាយុ18ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប,និង ទី៥ ឈ្មោះ សេក សុវណ្ណគង្គា ហៅណយ ភេទប្រុស អាយុ18ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល3 សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។
ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួន ព្រមទាំង បាន ដកហូតវត្ថុ តាងរួមមាន៖ទូរស័ព្ទដៃម៉ាក ហ៊ូវៃ(Huawei)ពណ៌មាស ចំនួនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង ៥នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី