ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាប់ជ្រូក និងកសិករ៥នាក់ លួចលាក់ចែកចាយថ្នាំញៀនក្នុងព្រៃ ត្រូវនគរបាលស្រុកព្រៃនប់ចាប់ខ្លួន ជាមួយនឹងថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ទោ អ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញបានឲ្យដឹងថាៈ កាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណីនៅផ្លូវសម្តេចសង្ឃទេពវង្សខាងជើងស្ទឹងហាវ ចំណុចស្ពានទី៧ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ដោយចាប់យកបាន ថ្នាំញៀនចំនួន១៤កញ្ចប់ (មាន៣កញ្ចប់ធំ និង១១កញ្ចប់តូច) ម៉ូតូចំនួន៥គ្រឿង និង ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន៥នាក់។

មន្ត្រីនគរបាលស្រុកឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ហេង វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទី២.ឈ្មោះ គង់ វិន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ធ្វើស្រែ ទី៣.ឈ្មោះ ធួន លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក ទី៤.ឈ្មោះ ភ័ណ្ឌ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ។ ជនសង្ស័យទាំង៤នាក់នេះ មានទីលំនៅដូចគ្នា នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី៥.ឈ្មោះ ឆេង សាវេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧៕ ឆ្លាម សមុទ្រ


ចែករំលែក៖