ខេត្តកណ្តាលៈ បុរស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូឌុបគ្នាឡើងជែងរថយន្តនៅលើស្ពានព្រែកសំរោង ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-2432 បើកបរដោយឈ្មោះ ឆោម ស៊ីឡូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកឯអ្នករងរបួសទី១-ឈ្មោះ កែវ ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកបើកបរម៉ូតូ) មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទី២-ឈ្មោះ វ៉ា ហៀង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃឆ្លើយ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។ ទាំង២នាក់នេះជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FJ-5699 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសទាំង២នាក់នេះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះឡើងស្ពានព្រែកសំរោងទៅត្រើយម្ខាង ។ លុះបើកដល់លើស្ពានបុរសជាអ្នកបើកបរម៉ូតូបានបន្ថែមល្បឿនឡើងជែងរថយន្តនៅខាងមុខ បណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យរងរបួសទាំង២នាក់ ។ ក្រោយពីមានហេតុការណ៍កើតឡើងបុរសទាំង២នាក់ត្រូវបានរថយន្តសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនករបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង ប្រើប្រាស់ល្បឿនលឿន ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តបើកច្រាស់ទិសគ្នាយ៉ាងដូច្នេះ៕ ស្អាងជ័យ