ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ក្រុមមន្ត្រីទម្លាយថា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបពួករលួយ

ចែករំលែក៖

តាមការបង្ហើបពីមន្ត្រីរាជការតូចតាចក្នុងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក ង៉ូវ សេងហាក់ ប្រធានមន្ទីរ និងបក្ខពួកមួយក្ដាប់តូចបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ប្រភពពីមន្ត្រីរាជការមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាលោក ង៉ូវ សេងហាក់ និងបក្ខពួកមួយចំនួនដូចជាលោក ធឹម សិរីវុឌ្ឍ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍អ្នកស្រី សំឌី សិទ្ធី ប្រធានការិយាល័យរដ្ឋបាល លោក សោ វិសិដ្ឋ អនុប្រធានមន្ទីរ និងអ្នកស្រី លិះ លៀប អនុប្រធានការិយាល័យរដ្ឋបាល បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព។

ប្រភពបានឲ្យដឹងថា រឿងអាស្រូវពុករលួយមានដូចជា ការកឹបកេងនិងបន្លំចំណូលថវិកាដែលប្រមូលពីសណ្ឋាគារ និងផ្ទះសំណាក់តាមរយៈមន្ត្រីការិយាល័យឧស្សាហកម្មទេសចរណ៍។ ជាងនេះទៅទៀតគឺពួកគេឃុបឃិតគ្នាកឹងកេងថវិការដ្ឋដែលត្រូវចំណាយសម្រាប់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយបំប៉ោងការចំណាយគ្មានញញើតអ្វីទាំងអស់ ។

ប្រភពបានបន្តទៀតថា រឿងអាស្រូវពុករលួយរបស់លោក ង៉ូវ សេងហាក់ និងបក្ខពួកបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយក្នុងនោះប្រាក់ចំណូលពីវិស័យឧស្សាហកម្មទេសចរណ៍ក្នុងមួយឆ្នាំៗរាប់សិបលានរៀល ត្រូវបានពួកគេឃុបឃិតគ្នាកេងប្រវ័ញ្ចយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះការចំណាយថវិកាជាតិសម្រាប់មន្ទីរទេសចរណ៍ខេត្តសៀមរាប មានភាពមិនប្រក្រតីយ៉ាងច្រើនដោយសារតែអ្នកស្រី សំឌី សិទ្ធី ជាប្រធានការិយាល័រដ្ឋបាល និងអ្នកស្រី លិះ លៀប អនុប្រធានការិយាល័យរដ្ឋបាលធ្វើឯកសារបំប៉ោងតួលេខចំណាយយ៉ាងច្រើន ហើយក្នុងមួយឆ្នាំៗពួកគេអាចកេងប្រវ័ញ្ចថវិការដ្ឋរាប់រយលានរៀល ៕

 


ចែករំលែក៖