ព័ត៌មានទាន់ហេតុការណ៍៖

បើកបរលឿនមិនប្រុងប្រយ័ត្នជ្រុលបុករថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត្តចំនួន២គ្រឿងរងការខូចខាត ខណៈដែលបុរសម្នាក់បានបើករថយន្តមួយគ្រឿងទៀតបុកពេញទំហឹងបង្កឲ្យមនុស្សម្នាក់រងរបួសស្រាលដោយសាការបើកបរខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង ១៤ និង ១៥នាទី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ត្រង់ចំណុចមុខក្រុមហ៊ុន KCC។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ក-៦៤៦៨ ភ.ព ៣ ក្នុងទិសដៅពី​លិចទៅកើតក្នុងល្បឿនយ៉ាងលឿនដោយមិនមានការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត ២គ្រឿងដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខបន្តបន្ទាប់គ្នាបណ្តាលឲ្យរងការខូចខាតតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលរងការខូចខាតទី១ម៉ាក irternatinal ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣- D 2188 បើកបរដោយឈ្មោះឡេង ចាន់ថា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នា ឃុំ សូភី ស្រុកបាទី ខេត្តតាកែវនិងរថយន្តទី០២ម៉ាក HONDA CRV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២-Z ៥៤៦៨ បើកបរដោយឈ្មោះ ងួន ធារាម ភេទប្រុស អាយុ៤៦ឆ្នាំ រួមដំណើរជាមួយឈ្មោះរាមសារ៉ា លេណា ភេទស្រី អាយុ៦ឆ្នាំ រងរបួសស្រាល អ្នកទាំងពីរមានទីលំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ។

សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុជនបើកបរបង្កបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

លោក សុិន សុវណ្ណ ប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា បុរសដែលជាអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបង្កហេតុរួចបានរត់គេចខ្លួនបាត់តែម្តង លោកបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាសវែងនិងស្ទូចយករថយន្ត ដែលខូចនិងរថយន្តបង្កប្រគល់ឲ្យទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក យកទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ព្រែកជ័យ


ចែករំលែក៖