ព័ត៌មានទាន់ហេតុការណ៍៖

នាយក្រឹមថាមិនចង់លែងលះភិរិយា ហើយក៏មិនចចង់បោះបង់នាងលាភចោល

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងផ្ទៃក្នុងគ្រួសាររបស់នាយក្រឹមបានលេចសុះសាយកាន់តែខ្លាំងក្រោយពេលភរិយា អ្នកស្រី វ៉ង់ ឡុងមុន្នី ចេញមុខប្រកាសប្តឹងនាយក្រឹម និងនាងលាភទៅតុលាការ ប៉ុន្តែលោកបង្ហាញពីជំហរក្នុងការរក្សាទំនាក់ទំនងទាំងភរិយា និងនាងលាភដដែលដូចគ្រាមុន។

បន្ទាប់ពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹមបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពេលនេះតារាកំប្លែងនាយក្រឹមបានចេញមុខទទួលស្គាល់កំហុស។ ពេលនេះនាយក្រឹមហាក់ទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងចំពោះភរិយា ប៉ុន្តែលោកនៅតែចង់បន្តធ្វើជាប្តី និងឪពុកល្អបន្តទៀតគឺការជួយផ្គត់ផ្គង់ក្រុមគ្រួសារដដែល ហើយនាងលាភក៏លោកមិនបោះបង់ចោលនោះដែរ។

លោក និយាយដោយខ្លីថា “គ្មានស្រីឯណាដែលសប្បាយចិត្ត គ្រាដែលប្តីមានស្រីនៅក្រៅផ្ទះទេ?” ហើយបើតាមផ្លូវច្បាប់លោកគឺជាអ្នកខុស ។

លោកថាប្រសិនបើភរិយាប្តឹងលោកឡើងតុលាការគឺលោកមានតែទៅឆ្លើយបំភ្លឺនិងស្របតាមគំនិតភរិយាដែលចង់បំផ្លាញលោក។ លោកថា កន្លងមកលោកគឺជាអ្នកស្វែងរកប្រភពចំណូលចូលគ្រួសារ មិនដែលបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ហើយបើរឿងប្រើហិង្សាគឺកាន់តែគ្មាន។ លោកថា នាងលាភមិនដែលជំរុញឲ្យលែងភរិយាលោក ឬផ្គើនដាក់ភរិយាលោកនោះដែរ ហើយរឿងរស់នៅជាមួយគ្នាវាជ្រុលហួសទៅហើយដែរ។

តាមការអះអាងរបស់អ្នកស្រីវ៉ង់ ឡុងមុនី្ន បានឲ្យដឹងថា នាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឬព្រលិត នោះ គឺអ្នកស្រីជាអ្នកជួយជ្រោមជ្រែងឲ្យបានចូលក្នុងក្រុមកំប្លែងនាយក្រឹម ព្រោះតែមានការអាណិត ឃើញនាងក្រីក្រ និងនៅផ្ទះជាប់គ្នា តែមិននឹកស្មានថា នាងយកគុណសងទោស ហើយហ៊ានលូកថ្លើមអ្នកស្រីដោយដណ្ដើមប្ដីបែបនេះនោះទេ។

ទោះជាយ៉ាងណា នាយ ក្រឹមបានលើកថាអស់រយៈពេលជិត២០ឆ្នាំហើយដែលលោកតស៊ូជាមួយភរិយារហូតមានកូនប្រុស៣ស្រីម្នាក់ដែលពេញរូបរាង និងរៀនសូត្របានខ្ពង់ខ្ពស់ ហើយលោកក៏មិនចង់បំផ្លាញគ្រួសារនេះឲ្យបែកបាក់ដែរ គឺលោកចង់បន្តទទួលយកទាំងពីរនាក់ដដែល។

លោកថារឿងរ៉ាវវាជ្រុលអស់ហើយគឺមិនអាចបោះបង់មួយណាចោលមួយណាបានទេហើយលោកចង់ធ្វើជាមនុស្សដែលមានទំនួលខុសត្រូវ៕ វឌ្ឍនា


ចែករំលែក៖