ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតម្នាក់ ឈ្នះពានរង្វាន់ជានិស្សិតស្ថាបត្យកម្មឆ្នើមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ “ ការប្រកូតប្រជែងពានរង្វាន់លើកទី ៦ សម្រាប់និស្សិតស្ថាបត្យកម្មឆ្នើម កម្ពុជា ឆ្នាំ ២០១៧” ដែលត្រូវបានរៀបចំឡើងដោយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ។

និស្សិត អ៊ូ សុធារ៉ា បានក្លាយជាជ័យលាភីនិស្សិតស្ថាបត្យកម្មឆ្នើមនៅ កម្ពុជា។
និស្សិតស្ថាបត្យកម្មចំនួន ១០ រូប នៅទូទាំងរាជធានីភ្នំពេញ បានចូលរួមក្នុងការប្រកួត ដែលមានការត្រួតពិនិត្យវាយតម្លៃដោយគណៈកម្មការជំនាញ ហើយជាចុងក្រោយ ស្នាដៃរបស់និស្សិតឆ្នាំទី ២ នៃសកលវិទ្យាល័យលីមកុកវីង ឈ្មោះ អ៊ូ សុធារ៉ា ត្រូវបានជ្រើសរើសជាស្នាដៃល្អជាងគេបំផុត។

ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្ម លោក ឆាយ កាណូ បានពន្យល់ថា៖ “យើងមានអារម្មណ៍ថា ស្នាដៃរបស់និស្សិត អ៊ូ សុធារ៉ា បានបង្ហាញ ឲ្យឃើញនូវចក្ខុវិស័យ និងភាពច្នៃប្រឌិតល្អបំផុត ។

ការរចនារៀបចំនូវមជ្ឈមណ្ឌលសហគមន៍របស់គាត់ ដែលមានចំណងជើងថា “The Amphibious Stilt” បានយកលំនាំតាមផ្ទះបុរាណរបស់ខ្មែរ ហើយជាស្នាដៃដែលមានលក្ខណៈច្នៃប្រឌិតថ្មី ហើយយើងពិតជាស្ងើចសរសើមែនទែនចំពោះស្នាដៃនេះ”។លោកបានបន្ថែមទៀតថា៖ “រាជធានីភ្នំពេញ និងក្រុងនានាទូទាំងប្រទេសកម្ពុជា កំពុងតែរីកលូតលាស់ មិនត្រឹមតែទំហំផ្ទៃដីប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានការលូតលាស់ផ្នែកចក្ខុវិស័យ នៃការប្រើប្រាស់ស្ថាបត្យកម្មដែលមានភាពច្នៃប្រឌិត ដើម្បីបង្ហាញឲ្យឃើញពីកំណើននៃទំនុកចិត្តនៃប្រទេសយើងលើវិស័យស្ថាបត្យកម្ម ហើយគុណភាពនៃស្នាដៃទាំងអស់ដែលបានដាក់ចូលក្នុងការប្រកួតនាឆ្នាំនេះ គឺបានបង្ហាញនូវភាពច្នៃប្រឌិតនេះយ៉ាងច្បាស់”។

បេក្ខជនចូលរួមប្រកួតគឺជានិស្សិតសិក្សាមុខវិជ្ជាស្ថាបត្យកម្ម នៅឯសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសកលវិទ្យាល័យលីមកុកវីង។ការប្រកួតនាឆ្នាំនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ភ្នំពេញស៊ីធីសិនធ័រ (PPCC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចម្រុះដ៏ធំមួយ នៅចំកណ្ដាលរាជធានីភ្នំពេញ។

លោក តាំង សុជាតិ តំណាងក្រុមហ៊ុន PPCC បានពន្យល់ថា៖ “រាប់ចាប់តាំងពីដូនតាដែលជាអ្នកកសាងប្រសាទអង្គរវត្ត ឬប្រាសាទសំបូរព្រៃគុករបស់យើង រហូតមកដល់ស្នាដៃលោក វណ្ណ ម៉ូលីវណ្ណ នៅទសវត្ស ១៩៦០ យើងឃើញថា កម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយស្នាដៃស្ថាបត្យកម្មច្នៃប្រឌិត និងអស្ចារ្យជាច្រើន ហើយយើងមានក្ដីរំភើបចំពោះអនាគតនៃវិស័យស្ថាបត្យកម្មកម្ពុជាទៅថ្ងៃអនាគត នៅពេលដែលយើងបានឃើញស្នាដៃនៅថ្ងៃនេះ ដែលសុទ្ធតែបានបង្ហាញនូវគុណភាពនៃគំនិត និងគុណភាពនៃរចនាបថ ដែលនឹងលេចចេញជារូបរាងនៅក្នុងប្រទេសយើងទៅថ្ងៃខាងមុខ”។

លោកបានបន្ថែមទៀតថា៖ “យើងមានមោទនភាពដែលបានចូលរួមគាំទ្រការប្រកួតដ៏ពិសេសនេះ ដើម្បីស្វែងរក
យុវជនដែលមានទេពកោសល្យកំពូលនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងទន្ទឹងរង់ចាំមើលនូវស្នាដៃរចនាបថបន្ថែមទៀត ដែលនិស្សិត អ៊ូ សុធារ៉ា នឹងបង្កើតឡើងនៅថ្ងៃអនាគត”។

អគ្គនាយិកាក្រុមហ៊ុន PPCC លោកស្រី ឡាវ មីឈែល បានពណ៌នាថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន PPCC គឺតំណាងឲ្យចក្ខុវិស័យនៃការធ្វើផែនការនគរូបនីយកម្ម ដែលនឹងជួយកែប្រែរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងទំនើប មានសុវត្ថិភាព និងពណ៌បៃតង។

លោកស្រី បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ យើងខ្ញុំ មានបំណងកសាងនូវអនាគតរបស់ ទីក្រុងតាមរយៈការគិតគូរបំពេញដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវមករស់នៅ ធ្វើការ និងចំណាយពេលវេលានៅក្នុងគម្រោងអភិវឌ្ឍន៍របស់ PPCC ។ បំណងប្រាថ្នានេះមិនអាចកើតចេញជារូបរាងបានឡើយ ប្រសិនបើគ្មានការគិតគូរឆ្ពោះទៅមុខ និងការកសាងផែនការយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវិស្វករ និងស្ថាបត្យកររបស់យើង។ យើងមិនមែនគ្រាន់តែអភិវឌ្ឍអគារនោះទេ ប៉ុន្តែ យើងបង្កើតនូវបរិយាកាសក្នុងទីក្រុងដែលគួរឲ្យចង់រស់នៅ និងមានផាសុកភាព។

នៅពេលបានឃើញស្នាដៃរបស់និស្សិតទាំងនេះ ដែលបានចូលរួមក្នុងការប្រកួត ខ្ញុំមានទំនុកចិត្តថា កម្ពុជា និងក្រុមហ៊ុន PPCC នឹងអាចពឹងផ្អែកលើអ្នកមានទេពកោសល្យផ្នែកស្ថាបត្យកម្ម ដែលមានគុណភាពកំពូល ខណៈដែលប្រទេសរបស់យើងបន្តរីកលូតលាស់ និងអភិវឌ្ឍ”៕ វឌ្ឍនា

 

 


ចែករំលែក៖