ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីនារីម្នាក់ដែលពិបាកចិត្តរឿងគ្រួសារបន្តិចបន្តួច បានផឹកស្រវឹងស្រាជោជាំ រួចរត់ឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានឪពុកនិងក្រុមគ្រួសារតាមទៅចាប់ឃាត់ទាន់។
បុរសឈ្មោះ មុត ចន អាយុ៤៩ឆ្នាំ អតីតទាហានជើងទឹក បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវជាឪពុកនារីប៉ុនប៉ងលោតពីលើស្ពានសម្លាប់ខ្លួនបានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ អាយុ១៨ ឆ្នាំ (សុំមិនប្រាប់ឈ្មោះ)បានខូចចិត្តរឿងក្រុមគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ។ នៅយប់ថ្ងៃកើតហេតុ នាងបានទៅផឹកស្រាស្រវឹងជោកខ្លួន ទើបគ្រប់គរងស្មារតីមិនបានក៏រត់សំដៅឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែរូបគាត់ និងកូនប្រុសម្នាក់ទៀតដឹងទាន់បានរត់ឡើងទៅលើស្ពានចាប់អោបឲ្យចុះមកក្រោមវិញ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវចោមរោមមើលគ្រប់គ្នា។
បុរសជាឪពុកបានឲ្យដឹងទៀតថា ក្រោយរារាំងមិនឲ្យកូនស្រីលោតសម្លាប់ខ្លួនគាត់បានអង្វរនិងនាំកូនស្រីចុះពីលើស្ពានត្រឡប់ទៅផ្ទះវិញហើយសមត្ថកិច្ចមូលដ្ឋានដែលបានទៅបម្រុងធ្វើអន្តរាគមន៍ក៏បានដកកម្លាំងត្រឡប់ទៅអង្គភាពវិញដែរ៕ ប្រាថ្នា