ភ្នំពេញ៖ មុននេះបន្តិច កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣៖០០នាទី បន្ទាប់ពីក្តាប់ព័ត៍មានជុំបានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យបានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោល បាត់អស់រកពុំទាន់ឃើញ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថា៖ ជនសង្ស័យឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំជោគជាំទើបចេញពីគុកថ្មីៗ និង ស្នាក់នៅចំនុចកើតហេតុខាងលើ។
ដោយឡែកជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។ សមត្ថកិច្ចបានបញ្ជាក់ថា៖ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្ករក៏ស្រែក កុំឲ្យឈ្លោះគ្នាក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធី។
ចំណែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យដោយសមត្ថកិច្ចជំនាញ៕ សុខ ខេមរា