ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី “Love Riya”ដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយ ដើម្បីសាកសួរករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។
មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នស្ត្រីរូបនេះ នេះស្ថិតក្រោមចំណាត់ការរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។
សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕ ចេស្តា