ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាល កំពុង​ល្បីល្បាញ​រឿង​ពុករលួយ​

ចែករំលែក៖

ប្រភពពី​ប្រជាពលរដ្ឋ​​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទាំង​២​នេះ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​លោក ស ស៊ី​ប៉ូ​ឡែ​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាត បាន​បញ្ជា​ឲ្យ​កូនចៅ​ចង​អង្រឹង​នៅ​ទល់មុខ​ថ្នាល​បណ្ដុះ​កូនឈើ​ចាំ​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ពលរដ្ឋ​ដឹក​អនុផល​ព្រៃឈើ​តាម​អំពើ​ចិត្ត​។ ប្រការនេះ​ទំនងជា​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ផងដែរ ទើប​លោក ស ស៊ី​ប៉ូ​ឡែ​ត និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកអុស ដឹក​ធ្យូង ដែលជា​អនុផល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ពេល​ពួកគាត់​បើកបរ​គោយន្ត​ឆ្លង​កាត់មុខ​ទីតាំង​ថ្នាល​បណ្ដុះ​កូនឈើ​តា​សាទ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុម​មន្ត្រីក្រោមឱវាទ​លោក ស ស៊ី​ប៉ូ​ឡែ​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាទ​។ ក្នុងនោះ​រ៉ឺម៉ក​ដឹក​ធ្យូង​ត្រូវ​បង់​៥​ម៉ឺន​រៀល គោយន្ត​ដឹក​បង្គោលរបង​ត្រូវ​បង់​៨​ម៉ឺន​រៀល រថយន្ត​ដឹកអុស​ត្រូវ​បង់​១០​ម៉ឺន​រៀល គោយន្ត​ដឹកឈើ​ដុល​ត្រូវ​បង់​១៥​ម៉ឺន​រៀល និង​រថយន្ត​ដឹកឈើ​ក្រហម​ត្រូវ​បង់​២០​ម៉ឺន​រៀល​។ ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រសិនបើ​ពលរដ្ឋ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​លោក ស ស៊ី​ប៉ូ​ឡែ​ត ព្រមទាំង​បក្ខពួក​ចាប់​រឹបអូស​យក​ទាំង​រ៉ឺម៉ក ទាំង​គោយន្ត ទាំង​ធ្យូង ទាំង​អុស ទាំង​ឈើ ដោយ​ពុំមាន​ការយោគយល់​ឡើយ​។

ដោយឡែក​តាម​ការ​បង្ហើ​ប​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ប្រចាំខែ​ឲ្យ​លោក ស ស៊ី​ប៉ូ​ឡែ​ត និង​បក្ខពួក​ដោយ​ក្នុង​១​ខែៗ​សម្រាប់​រថយន្ត​១​គ្រឿង​ចាប់ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ដោយសារតែ​អំពើពុករលួយ​របស់លោក ស ស៊ី​ប៉ូ​ឡែ​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាទ និង​បក្ខពួក​បែបនេះហើយ​ទើប​ព្រៃឈើ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ភ្នំស្រួច កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឡើយ​៕


ចែករំលែក៖