ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនាំគ្នាសម្តែងមិនពេញចិត្ត និងត្អូញត្អែរចំពោះសមត្ថកិច្ចឈរជើងតាមផ្លូវបន្ទាត់ព្រំដែនចាប់ម៉ូតូពួកគាត់ ដែលមានលិខិតបង់ពន្ធគយត្រឹមត្រូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ខ្សែព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ភូមិសាស្រ្តស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបាននាំគ្នាសម្តែងនូវការមិនសប្បាយចិត្ត និងមានត្អូញត្អែរជាខ្លាំងពីសមត្ថកិច្ចមួយចំនួនតូច ឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានតែងចេញមកធ្វើសកម្មភាពកាក់ចាប់ម៉ូតូរបស់ពួកគាត់នាំយកទៅសួរនាំជាញឹកញាប់ ទោះបីម៉ូតូរបស់ពួកគាត់ត្រូវបានបង់ពន្ធគយចូលរដ្ឋត្រឹមត្រូវយ៉ាងណា ក៏ដោយនោះ ។ ជាងនេះទៅទៀតនៅពេលចាប់ម៉ូតូនោះហើយប្រជាពលរដ្ឋបានបង្ហាញក្រដាសពន្ធគយឲ្យសមត្ថកិច្ចនោះត្រួតពិនិត្យ ក៏គេកាក់ទុកម៉ូតូសួរនាំ២ទៅ៣ម៉ោងទើបដោះលែងទៅវិញ ។ ភាពបង្កការរាំងស្ទះនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋពីសំណាក់សមត្ថកិច្ចទាំងនោះបានបង្កឲ្យប៉ះពាល់សតិអាម្មណ៍ និងខាតបង់ពេលវេលានៃការប្រកបមុខរបររបស់ពួកគាត់គ្រា ដែលគេមើលឃើញថា មានសមត្ថកិច្ចមួយចំនួនតូចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវខុសច្បាប់ចាប់ពីខ្សែបន្ទាត់ព្រំដែនពីបឹងត្រកួនស្រុកថ្មពួក រហូតដល់ចំណុចចាប់ឃុំអូរបីជាន់ឆ្លងកាត់ដល់ទីរួមស្រុកអូរជ្រៅជាដើមនោះ ។

បើតាមប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ការកាក់ចាប់ត្រួតពិនិត្យម៉ូតូពួកគាត់ពីសំណាក់សមត្ថកិច្ចមួយចំនួនតូចគ្មានការសហការជាមួយមន្រ្តីគយជា ដែលមានតួនាទីជាអ្នកប្រមូលពន្ធគយចូលរដ្ឋដោយសមត្ថកិច្ចទាំងនោះចោទថា ពួកគាត់ជិះម៉ូតូនាំចូលគេចពន្ធខុសច្បាប់ តាមច្រករបៀង ។ ការចាប់កាក់ម៉ូតូរបស់ពួកគាត់ទំនងជាចង់កោសរុះយកប្រាក់ពីពួកគាត់ប៉ុន្តែពួកគាត់មិនឲ្យលុយនោះទេដោយសំអាងម៉ូតូទាំងនោះគឺសុទ្ធតែមានការបង់ពន្ធគយត្រឹមត្រូវគ្រប់ចំនួនទាំងអស់ និងជិះនៅលើតាមថ្នល់ជាតិ ។

ជុំវិញនៃការចាប់ឃាត់ម៉ូតូរបស់ប្រជាពលរដ្ឋ ដែលមានការបង់ពន្ធត្រឹមត្រូវចូលរដ្ឋ លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានបំភ្លឺឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះថា ជាការពិតបើប្រជាពលរដ្ឋជិះម៉ូតូមានលិខិតបង់ពន្ធត្រឹមត្រូវ គឺជាម៉ូតូស្របច្បាប់មិនអាចសមត្ថកិច្ចណាទៅឃាត់សួរនាំបាននោះឡើយ ។ ប៉ុន្តែមានករណីខ្លះម៉ូតូមួយចំនួននាំចូលតាមច្រករបៀងខុសច្បាប់បញ្ហានេះដោយសារតែប្រទេសកម្ពុជាយើងមានច្រករបៀងរាប់រយពិបាក និងការគ្រប់គ្រងមានប្រជាពលរដ្ឋខ្លះទិញនាំចូលតាមច្រករបៀងខុសច្បាប់ ក៏ប៉ុន្តែដើម្បីសម្របសម្រួល និងយោគយល់បើសិនម្ចាស់ម៉ូតូចូលខ្លួនមកបង់ពន្ធគយត្រឹមត្រូវយើង ក៏មានការអនុញ្ញាតឲ្យមានការបង់ពន្ធក្នុងការពង្រឹងប្រមូលពន្ធរកចំណូលចូលរដ្ឋ មិនជាទាស់ខុសឆ្គងនោះទេ ។ ប្រសើរជាងសមត្ថកិច្ចគយដេញចាប់បង្រ្កាបតាមដងផ្លូវមើលទៅវាអាក្រក់មើលណាស់ ។

លោកបញ្ជាក់ទៀតថា បើសិនម៉ូតូប្រជាពលរដ្ឋមានលិខិតបង់ពន្ធត្រឹមត្រូវហើយ មានសមត្ថកិច្ចខ្លះកាក់ត្រួតពិនិត្យលោកមិនហ៊ានអត្ថា ធិប្បាយបាននោះទេពីព្រោះជាភារកិច្ចរបស់សមត្ថកិច្ចអង្គភាពផ្សេង៕ សំ វិច្ឆិកា


ចែករំលែក៖