ព័ត៌មានទាន់ហេតុការណ៍៖

គំនរ​ឈើប្រណីតជាច្រើន​កំណាត់ ​លាក់ទុកនៅ​ស្រុក​កំពង់សៀមយ៉ាងរលូន ខណៈគ្មាន​ជំនាញចាត់វិធានការ

ចែករំលែក៖

ខេត្តកំពង់ចាម​៖ ប្រភេទ​ដើមឈើ​ស្រឡៅ​តូច​-​ធំ​រាប់សិប​កំណាត់ ត្រូវបាន​ឈ្មួញ​បង្កប់​ក្រោម​ក្ប​ន​អុស​បណ្តែត​តាមផ្លូវ​ទឹក នាំយក​មកពី​ភូមិភាគ​ឦសាន កំពុង​លាក់ទុក នៅ​ចំណុច​ក្បែរ​ច្រាំងទន្លេ ពី​ភូមិ​ថ្មគោល រហូតដល់ ភូមិ​ល្អាង​លើ ឃុំ​ល្អាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មិនមាន​ចំណាត់ការ​សោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គំនរ​ឈើ​ស្រឡៅ ដែល​គេ​ដាក់​តម្រៀប​គរ​លើ​គ្នា​រាប់សិប​ដើម​នេះ ត្រូវគេ​ដឹងថា​មានឈ្មោះ រ​ត្ន័ ឈ្មោះ​ចាន់នី និង​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ប្រុស មាន​ឋានៈ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​គៀន​ជ្រៃ បាន​បង្កប់​នៅក្រោម​ក្បូន​អុស ដែល​ពួក​ឈ្មួញ​ចេញទៅ​កាប់​នៅ​ខែ​មិនា ខែមេសា ដោយ​វិច​ម្ហូប​អង្ករ​ដាក់​ទៅតាម​ជាមួយ​ផង ហើយ​បណ្តែត​តាម​ដង​ទន្លេមេគង្គ ចេញពី​ខេត្តស្ទឹងត្រែង​ក្នុង​កំឡុង​ទឹក​ឡើង រួច​យកមក​លាក់ទុក​នៅ​ចំណុច​ភូមិ​ថ្មគោល ភូមិ​រអាង​លើ ភូមិ​កៀន​ជ្រៃ ក្នុងស្រុក​កំពង់សៀម តាម​បណ្តោយ​ដង​ទន្លេមេគង្គ ដើម្បី​អារ​ជ្រៀក​លក់​បន្ត​ឲ្យ​ឈ្មួញ ក្នុង​១​ម៉ែត្រគូប តម្លៃ​៥០០​ដុល្លារ​អាមេរិក​។​

ពាក់ព័ន្ធ​ករណី​ជំនួញ​ឈើ​ខុសច្បាប់​នេះ លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម លោក​នឹង​ចាត់តាំង​កម្លាំង​ចុះទៅ​មើល​នៅពេល​ណាមួយ​មិន​ខាន​។​ ​ដោយឡែក​មន្ត្រី​ជំនាញ លោក ប្រាក់ រ៉ូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ករណី​ឈើ​ស្រឡៅ​ខាងលើនេះ គឺ​លោក​បាន​ចាត់តាំង​កម្លាំង​ចុះទៅ​មើល​ម្តង​រួចមកហើយ ដោយ​អះអាងថា ជា​ឈើ​របស់​ប្រជាពលរដ្ឋ​។ តែ​ទោះជា​យ៉ាងណា លោក នឹង​ចាត់តាំង​កម្លាំង​ចុះទៅ​មើល​ឲ្យ​បាន​ជាក់លាក់​ម្តងទៀត​នៅពេល​ក្រោយ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ខាងលើ បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ គួរ​មាន​ចំណាត់ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដូ ច​ជា​ករណី​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ផង​។​

​សូមបញ្ជាក់ថា ប្រភេទ​ឈើ​ស្រឡៅ​នេះ ជា​ប្រភេទ​ឈើ​លេខ​១ បន្ទាប់ពី​ឈើប្រណីត​ផ្សេងៗ ហើយក៏​ជា​ប្រភេទ​ឈើ​កម្រ ដែលមាន​តម្លៃ​ថ្លៃ​ផងដែរ​៕ ហេង សូរិយា


ចែករំលែក៖