ខេត្តកណ្តាលៈ បន្ទាប់ពីសមត្ថកិច្ចជំនាញរបស់រដ្ឋបាលព្រៃឈើចំណាយពេល៤ថ្ងៃដើម្បីធ្វើការត្រួតពិនិត្យថ្លឹងទម្ងន់និងវាស់វែងឈើខុសច្បាប់ដែលកម្លាំងចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ រួចមក តាមការសន្និដ្ឋានជំហានដំបូងក្រៅផ្លូវការឈើទាំងអស់មានចំនួនជាង២០ម៉ែត្រគូប ស្មើនិងជិត៣០តោន ឥឡូវនេះលទ្ធផលផ្លូវការចេញហើយឈើទាំងអស់មានចំនួនសរុបជាង៣០ម៉ែត្រគូប បើគិតជាទម្ងន់ជាង៣០តោន ។
លោកញ៉ែម តារារិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលបានប្រាប់នគរវត្ត នៅរសៀលថ្ងៃទី៤ ខែកញ្ញា ដូច្នេះថា ឈើខុសច្បាប់ទាំងអស់មានចំនួនជិត៣២ម៉ែត្រគូប ក្នុងនោះឈើគ្រញូងជាង១៥ម៉ែត្រ គិតជាទម្ងន់ស្មើនិងជា១៨តោន ,ឈើគ្រើលជាប្រភេទឈើប្រណីតដែរនោះមានចំនួនជាង៨ម៉ែត្រគូប គិតជាទម្ងន់ជាង១០តោន ដោយឡែកឈើធ្នង់មានចំនួនជាង៧ម៉ែត្រគូប ស្មើនិង៩៣៥កំណាត់ បើថ្លឹងជាទម្ងន់វិញជិត១០តោន សរុបទាំងអស់ជិត៣២ម៉ែត្រគូប គិតជាទម្ងន់ជិត៤០តោន ។
លោកនាយខណ្ឌបានបន្តថា ឈើទាំអស់នេះត្រូវឈ្មួញដឹកពីកន្លែងផ្សេងមកលាក់ទុកក្នុងឃ្លាំងដើម្បីត្រៀមដឹកចេញទៅគោលដៅទី៣ តែមិនដឹងថាដឹកទៅខាងណានោះទេព្រោះអ្នកដែលជាប់ពាក់ព័ន្ធមិនទាន់ចូលខ្លួនមកចូលរួមសហការជាមួយសមត្ថកិច្ច ពេលនេះសមត្ថកិច្ចជំនាញរួមមានស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលនិងស្ថាប័នរដ្ឋបាលព្រៃឈើកំពុងរៀបចំបំពេញឯកសារកោះហៅម្ចាស់ទីតាំង និងអ្នកជួលឃ្លាំងអោយទៅបំភ្លឺនៅសាលាដំបូងខេត្តអ្នកជាប់ពាក់ទាំង២នាក់នេះសមត្ថកិច្ចស្គាល់សាវតាជាតិហើយ ។ ពេលអ្នកទាំង២ចូលខ្លួនមកបំភ្លឺទើបយើងអាចដឹងពន្លឺខ្លះៗពីឈ្មួញដែលរកស៉ីដឹកជញ្ជូនឈើខុសច្បាប់និងគោលដៅដែលក្រុមឈ្មួញដឹកយកទៅលក់បន្ត ។
សូមបញ្ជាក់ថា ឈើខុសច្បាប់ទាំង៣ប្រភេទសុទ្ធជាឈើប្រណីតភាគច្រើនជាឈើគ្រញូងនោះត្រូវបានបង្ក្រាបនៅក្នុងឃ្លាំងដ៍ធំមួយកន្លែងនៅជាប់ផ្លូវជាតិលេខ១ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ម្ចាស់ឃ្លាំមានឈ្មោះលី ហួរ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ បានជួលទៅអោយអ្នកផ្សេងផលិតទ្វាជ័រ ពិដានជ័រ និងសម្ភារៈជ័រជាច្រើនប្រភេទទៀត ។ ដោយសារមុខរបរសិប្បកម្មនេះមិនរីកចម្រើនទីតាំងឃ្លាំងនេះបានបិទទ្វារចាស់សោរមួយរយៈ ។ ក្រោយមកប្រជាពលរដ្ឋនៅក្នុងភូមិមានការសង្ស័យ ពេលថ្ងៃចាក់សោរអត់មានសកម្មភាពអ្វីនោះទេ តែពេលយប់មានរថយន្តប្រភេទឃ្លុបចេញចូលស្ទើរាល់យប់ ទើបរាយការណ៍ដល់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយ ។
បន្ទាប់ពីទទួលបានពត៍មានលោកអ៉ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយបានធ្វើការស៉ើបអង្កេតរយៈពេលជិត១សប្តាហ៍ទើបឈានដល់ការបង្ក្រាបដោយកម្លាំងចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយអនុវត្តទៅតាមអំណាចដីការបង្គាប់អោយឆេកឆេរ ចេញដោយលោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ។
បន្ទាប់ពីចូលឆែកឆេរកម្លាំងចម្រុះរកឃើញឈើគ្រញូង ឈើធ្នង់ និងឈើគ្រើល យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលឈ្មួញដឹកយកមកលាក់ទុកដើម្បីដឹកចេញទៅលក់នៅទីផ្សារក្រៅប្រទេស ៕សណ្តោស