ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ តុលាការកំពូល នឹងជំនុំជម្រះសំណុំរឿងចំនួនពីររបស់លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ។
សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។
មន្ត្រីតុលាការកំពូល ថ្លែងថា សំណុំរឿងទីមួយ គឺ បទល្មើស”រក្សាទុកប្រាក់ក្លែងក្លាយ”ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និង សំណុំរឿងទីពីរ គឺ បទល្មើស “បង្ខាំងមនុស្សខុសច្បាប់” ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣ ។
មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសជិត១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ៕ ចេស្តា