ព័ត៌មានទាន់ហេតុការណ៍៖

ខ្លីម៉ូតូបងប្អូនជិះទៅមើល​ម្ដាយឈឺនៅស្រុកកំណើត មកដល់ខណ្ឌដង្កោក្រុមចោរស្ទាក់ប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ខ្លីម៉ូតូបងប្អូនជិះទៅមើល​ម្ដាយឈឺនៅស្រុកកំណើតនៅខេត្តតាកែវ​ មកដល់មុខប៉ុស្តិ៍នគរបាលជើងឯកត្រូវជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូសង់កូរេមួយគ្រឿង​មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច​ រួច​ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព​។

ហេតុការណ៍ក្រុមចោរព្រហេីនហ៊ានប្លន់នៅមុខប៉ុស្តិនគរបាល​ជើងឯកខាងលើនេះ​ បានកើតឡើងកាលពីវេលា​ម៉ោង២និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧​ នៅបណ្ដោយ២១៧ ​ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសរងគ្រោះព្រោះក្រុមចោរប្លន់យកម៉ូតូទៅបាត់ខាងលើ មានឈ្មោះ សាត វិបុល អាយុ២៩ឆ្នាំ មុនរបរម៉ៅការសំណង់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមសម្ដីបុរសរងគ្រោះខាងលើ បាននិយាយប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់ទទួលបានដំណឹងថា ម្ដាយឈឺធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ ត្រឡាប់ ក្នុងខេត្តតាកែវ ហើយរូបគាត់ជាជនរងគ្រោះ ក៏បានទៅខ្ចីម៉ូតូបងប្អូនមួយគ្រឿងម៉ាក ហុង់ដាឌ្រីម សង់ សេ៊រីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AM.1226 ដើម្បីជិះមកមើលម្ដាយនៅឯមន្ទីរពេទ្យ ត្រឡាប់ ក្នុងខេត្តតាកែវ គឺទៅទាំងយប់តែម្ដង ។

ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ តែមិនចាំស្លាកលេខ បានជិះឌុបគ្នាមកតាមក្រោយ ហើយធ្វើសកម្មភាព មកធាក់ម៉ូតូគាត់ពីចំហៀងបណ្ដាលឲ្យដួងរងរបួសស្រាល​។

ក្រោយពេលកើតហេតុភ្លាមៗ ក្រុមជនសង្ស័យទាំង៣នាក់ បានលេីកយកម៉ូតូជិះឌុបគ្នារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង ។

ចំណែកបុរសងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ដឹកយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោវិញ ព្រោះជាម្ចាស់ករណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖