ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យ២នាក់ យកកាំបិតបុ័ងតោដេញកាប់យ៉ាងសាហាវបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម តែក្រោយកើតហេតុជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចចាប់បាន។
កាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ក្រុមទី២៤ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រី្តនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតក្រដាស ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងឈ្មោះ ម៉ិច ថុន ហៅ ចេក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលើកឥដ្ឋ.ក្បឿង ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនសងស័យទាំងពីរ នាក់ត្រូវជាប់ចោទ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួស) ។ រីឯជនរងគ្រោះ ឈ្មោះ វ៉ែន សារ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (របួសលើចិញ្ចើមឆ្វេង១កន្លែង) ។ដោយឡែកសមត្ថកិច្ចចាប់យកវត្ថុតាងមានកាំបិតកាំបិតបុ័ងតោដងឈើចំនួន១ដើម ។
ប្រភពដដែលបានឲ្យដឹងទៀតថា រឿងហេតុដែលបង្កឲ្យមានអំពើហិង្សាដេញកាប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់នេះ គឺដោយសារកន្លងមកភាគីទាំងពីរមានទំនាស់គ្នាយ៉ាងស្រួចស្រាល់រហូតមានគំនុំសងសឹកគ្នាបែបនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខន្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាំនិតិវិធី ៕ ប្រាថ្នា