ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ជនជាតិវៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់ដោយសេរីនៅក្នុងស្រុកបុរីជលសា

ចែករំលែក៖

លោក ប៊ុន លៀប នាយសង្កាត់ជលផលស្រុកបុរីជលសា ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋទូទៅ ការរិះគន់ចំៗអំពីភាពអសកម្មបណ្តែតបណ្តោយឱ្យកើតមានបទល្មើសនេសាទនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនរៀងរាល់រដូវ ពិសេសនៅក្នុងរដូវត្រីពងកូន។ ប្រភពដដែលបានបញ្ជាក់ថា អ្នកនេសាទខុសច្បាប់ភាគច្រើនសុទ្ធតែជាជនជាតិវៀតណាមដែលពួកគេទំនងជាសូកប៉ាន់លុយដល់មន្ត្រីជំនាញនៅស្រុកបុរីជលសា។

ថ្មីៗនេះប្រជាពលរដ្ឋមូលដ្ឋានបានរៀបរាប់ថា ការប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ គឺជនល្មើសប្រើឧបករណ៍នេសាទទំនើបៗទៅតាមរដូវដូចជា នៅក្នុងរដូវបិទនេសាទនេះភាគច្រើនគេនេសាទដោយប្រើឧបករណ៍លបលូស្បៃមុងក្រឡាញឹក ដែលមានចម្រុះពណ៌ ហើយក្នុងមួយរបាំងៗមានប្រវែងបណ្តោយចាប់ពី៣០០ម៉ែត្រទៅ១.០០០ម៉ែត្រ ។

អ្នកនេសាទជនជាតិខ្មែរបានបញ្ជាក់ថា ការពិតទៅខេត្តតាកែវសម្បូរធនធានមច្ឆជាតិណាស់ តែដោយសារបទល្មើសនេសាទរបស់ជនជាតិវៀតណាម និងខ្មែរខ្លះបានធ្វើឲ្យធនធានមច្ឆជាតិទាំងនោះកំពុងបន្តវិនាសហិនហោចជាបន្តបន្ទាប់។ ប្រភពដដែលបានបញ្ជាក់ថាសព្វថ្ងៃនេះរដូវវស្សាមន្ត្រីជំនាញបើកឲ្យជនជាតិវៀតណាមចូលនេសាទខុសច្បាប់ ហើយរដូវប្រាំងពលរដ្ឋនាំគ្នាទិញត្រីពីប្រទេសវៀតណាមមកទទួលទានវិញដែលឆ្លុះបញ្ចាំងថាខ្មែរគ្មានសមត្ថភាពទាំងការអនុវត្តច្បាប់ និងការអភិវឌ្ឍវិស័យកសិកម្មដែលបញ្ហានេះកំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនិងមន្ត្រីយោធា នគរបាលការពារព្រំដែនក្នុងស្រុកបុរីជលសាបានឱ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះមិនមែនជារបស់ខ្មែរទេ គឺសុទ្ធតែរបស់ជនជាតិវៀត ណាមនាំគ្នាមកដាក់ក្នុងដីខ្មែរយើងដោយមិនឃើញមានខាងជំនាញជលផលថ្នាក់ស្រុកឬថ្នាក់ខេត្តចុះមកបង្ក្រាបម្តងណាឡើយ ៕


ចែករំលែក៖