ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៤០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទ អូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧…។
ជាកិច្ចចាប់ផ្តើម លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានសម្តែងនូវការអរគុណ ជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសជូន លោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក និងគណៈប្រតិភូ បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជា ទទួលបានថ្មីៗនេះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។
លោក នាយករដ្ឋមន្រ្តីថៃ បានជម្រាបជូន សម្តេចប្រមុខរដ្ឋស្តីទី អំពីលទ្ធផលនៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី ៣ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព គឺផ្តោតលើ វិស័យសេដ្ឋកិច្ច វិស័យសង្គម សន្តិសុខ ការអភិវឌ្ឍ និងលើគ្រប់វិស័យ រវាងប្រទេសយើងទាំង២។ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហការ នៃប្រទេសយើងទាំង២ លើគ្រប់វិស័យនៅតាមព្រំដែន ភាគីទាំង២ នឹងរកវិធីសាស្រ្តថ្មីៗ បង្កើនសេដ្ឋកិច្ចអោយរឹងមាំ តាមរយៈការបន្តបើកច្រកនានា នៅតាមព្រំដែន កម្ពុជា-ថៃ។
ជាការឆ្លើយតបវិញ សម្តេចប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងក្នុង នាមខ្លួនសម្តេច ផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ប្រកបដោយភាតរភាពភាព ដ៏កក់ក្តៅជូនចំពោះ លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច សាយ ឈុំ បាននាំមកជូនលោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ នូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងសេក្តីគោរពរាប់អានដ៏ជ្រាលជ្រៅអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានបង្កើតឡើងដោយស្នាព្រះហស្ថអតីតព្រះមហាក្សត្រជំនាន់មុន នៅឆ្នាំ១៩៥០។ ប្រទេសយើងទាំងពីរមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ មានព្រំដែនជាប់គ្នា មានប្រពៃណី វប្បធម៌ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឲ្យប្រជាជនយើងទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។
សម្តចភក្តី បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ថៃ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណដ៏ឈ្លាសវៃ នៃព្រះករុណាព្រះបាទ មហាវេជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងសូមប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការថ្វាយព្រះករុណាព្រះបាទមហាវេជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងជូនពរថ្នាក់ដឹកនាំជាតិ និងប្រជាជនថៃ ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុងការ រួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ សម្តេច បានកត់សម្គាល់ឃើញដោយសេចក្តីពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ បានបន្តរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់គួរជាទីមោទនៈ។
សម្តេច បានសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលធ្វើឲ្យមានវឌ្ឍនភាព និងសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង ចំពោះកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានប្តេជ្ញារួមគ្នាសម្រេចគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។ សម្តេចបានមានប្រសាសន៍បន្តទៀតថា វិស័យវិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងបានបង្កើតនូវយន្តការទ្វេភាគីកម្ពុជា-ថៃជាច្រើនវិស័យ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហានានា សំដៅឲ្យមានការអភិវឌ្ឍរួមគ្នា មានសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។ សម្តេច បានសម្តែងនូវអំណរព្រះគុណ និងអរគុណដ៏ជ្រាលជ្រៅចំពោះរាជ្យវង្សានុវង្សថៃ និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ផ្នែកសុខាភិបាល វិស័យអប់រំ សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនេះក៏សូមអរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន ១៦ដុំ ឲ្យកម្ពុជាវិញ ក្នុងចំណោម៣៦ដុំ ដែលនៅសេសសល់។
ជាទីបញ្ចប់ សម្តេចភក្តី សាយ ឈុំ បានសម្តែងអបអរសាទរ ចំពោះលទ្ធផលជោគជ័យរបស់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងបានប្រសិទ្ធិពរជ័យជូនចំពោះលោកនាយឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងគណៈប្រតិភូ សូមអោយទទួលបានជោគជ័យក្នុងដំណើរបំពេញបេសសកម្មដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងសូមលោកមានកម្លាំងពលំមាំមួន អាយុយឺនយូរនិងប្រកបដោយសិរីមង្គល វិបុលសុខគ្រប់ការ៕ ហេង សូរិយា