ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសក្នុងល្បឿនលឿន ចុះពីស្ពានជ្រោយចង្វាចាស់ ព្យាយាមបើកគេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកខឿនថ្មរង្វង់មូលព្រហ្មមុខបួនបណ្តាលឲ្យរថយន្តដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះ និងស្លាប់នោះទេ។
ហេតុការណ៍បានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅជិតរង្វង់មូលព្រហ្មមុខ៤ ជ្រោយចង្វា ត្រើយខាងកើត សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AL-6476 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយគ្រួសារ បានបើកបរចុះពីលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង មិនចាំម៉ាក និងស្លាលេខ បានជិះវ៉ារថយន្តព្រូសខាងលើ ធ្វើអោយអ្នកបើកបររថយន្តព្យាយាមបួងចង្កូតគេចចេញ ក៏ជ្រុលចង្កូតទៅបុកខឿនថ្មព័ទ្ធជុំវិញរង្វង់មូលព្រហ្មមុខបួនពេញទំហឹង ហើយរថយន្តរ៉េចង្កូតមកឈប់ចំពាក់កណ្តាលផ្លូវ បណ្តាលឲ្យរថយន្តដាច់ក្រទ្បេមុខខាងឆ្វេងបើកទៅមុខលែងរួចតែម្តង ប៉ុន្តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមាននរណារងរបួសនោះទេ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តយករបស់របរចេញពីក្នុងរថយន្ត ហើយនៅរង់ចាំសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ