ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជោកចុះមុជទឹកអាងក្នុងវត្តលង់ស្លាប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានលង់ទឹកអាងស្លាប់នៅក្នុងបរិវេណវត្តកណ្ដាលក្រុងពោធិ៍សាត់បង្កការភ្ញាក់ផ្អើល ខណៈសមត្ថកិច្ចអះអាងថា បុរសរូបនេះផឹកស្រាស្រវឹងជោកជាំរួចចុះមុជទឹក។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកអាងក្នុងវត្តពាលញែក ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ណុល យ៉ុង ភេទប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំកាចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះស្លាប់ត្រូវបានគេដឹងថា ផឹកសុីស្រវឹងជោកជាំ ហើយទំនងអាចក្តៅអន្ទះអន្ទែងទើបចុះទៅមុជទឹកក្នុងអាងកើតហេតុ ក៏បណ្ដាលឲ្យលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលបែបនេះតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម ក៏បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស លទ្ធផល៖ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖