ភ្នំពេញ: ពិតជាព្រហើនមែនដែលជនសង្ស័យម្នាក់មិនញញើតនឹងធ្វើសកម្មភាពឆក់យកកាបូប លុយពីនារីវ័យក្មេងម្នាក់ដែលឈប់ម៉ូតូទិញផ្លែឈើនៅចំពោះមុខមនុស្សធ្វើដំណើរតាមផ្លូវយ៉ាងស្អេកស្កះ ប៉ុន្តែសកម្មភាពនេះហេតុតែព្រះមិនជួយ ត្រូវនារីរងគ្រោះស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាពទ្ធ័ចាប់បានវាយ ទាត់ ធាក់ទក់សាច ទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ជាប់និងស្តុបទេពផន ត្រង់កន្លែងលក់ផ្លែឈើ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
មន្រី្តនគរបាលប៉ុស្តិ៍ទឹកល្អក់២បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបលុយយ៉ាងព្រហើននេះ ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងធ្វើតុទូ បច្ចុប្បន្នស្នាក់ម្តុំត្រឡោកបែក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ឃុំតានង់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងសកម្មភាពនេះសមត្ថកិច្ច ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅថ្មីសន្លាង គ្មានស្លាកលេខមួយគ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទដៃមួយគ្រឿងផងដែរ។ ចំណែកជនរងគ្រោះឈ្មោះ ឈិន ចរិយា ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារសុខា-ភ្នំពេញ សង្កាត់ជ្រោយចង្វា បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិង មានស្រុកកំណើតនៅ ភូមិធ្លក ឃុំច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
នារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-8341 ទើបនឹងចេញពីធ្វើការនៅសណ្ឋាគារសុខា-ភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បំណងជិះត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចស្តុបឧកញ៉ាទេពផនត្រង់កន្លែងកើតហេតុក៏បានឈប់ម៉ូតូដើម្បីទិញផ្លែឈើបន្តិចបន្តួចយកទៅផ្ទះ។ ពេលនោះរូបនាងបានដកកាបូបដៃតូចដកចេញពីកាបូបស្ពាយធំរួចហូតលុយចេញពីកាបូបឲ្យអ្នកលក់ ហើយភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់នេះជិះម៉ូតូមួយគ្រឿងថ្មីសន្លាង ជិះបញ្ច្រសទិសដៅគ្នាពីលិចទៅកើតហើយបានជិះមកអែបខាងឆ្វេងដៃរបស់នាងរួច បានធ្វើសកម្មភាពឆក់កាបូបលុយដែលកាន់នៅនឹងដៃដែលកំពុងរាប់លុយឲ្យអ្នកលក់តែមិនបានសម្រេច ធ្វើឲ្យនាងស្រឡាំងកាំងក៏ស្រែកថាចោរៗ។ ពេលឮដូច្នេះ ទើបប្រជាពលរដ្ឋនៅក្បែរនោះចេញទៅជួយធ្វើអន្តរាគមន៍លោតធាក់ស្ទាក់ពីមុខម៉ូតូជនសង្ស័យចាប់បានព្រួតវាយសល់តែដង្ហើមចង្រឹតទើបប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានដែលមកដល់។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ ប្រាថ្នា