ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្អូនស្រីពីផ្ទះទៅរកគ្រួទាយបែរជាជួបនិងជនឆបោកយកលុយអស់៣០០ដុល្លារ​​​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ចោទពីបទ “ឆបោកយកប្រាក់គេអស់៣០០ដុល្លារ” ប្រព្រឹត្តកាលពី៦ថ្ងៃមុន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ ជនសង្ស័យមានឈ្មោះ ម៉ុល សំរិទ្ឋសុវណ្ណ ហៅ វិជ្ជរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ) ដោយចៃដន្យ។ ចំណែកដើមបណ្តឹងមានឈ្មោះ នាង ឆេង ស្រីឡុង អាយុ២៤ឆ្នាំ មានទីលំនៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមការរៀបរាប់របស់នាង ឆេង ស្រីឡុងបានប្តឹងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាងបានបាត់ប្អូនស្រីបង្កើតម្នាក់តាំងពីថ្ងៃទី២៨ ខែ៧ ឆ្នាំ២០១៧ រកមិនឃើញសោះ។ លុះនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នាងបានមកផ្ទះគ្រូទាយ នៅសង្កាត់ចោមចៅដើម្បីឲ្យគ្រួនោះជួយទោះទាយមើល ពេលនោះក៍បានជួបបុរសម្នាក់(ឈ្មោះម៉ុល សំរិទ្ឋសុវណ្ណ ហៅ វិជ្ជរ៉ា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ) ដោយចៃដន្យ។

នៅឯផ្ទះគ្រូទាយនោះ ហើយបុរសនោះបានសួនាំពីរឿងបាត់ប្អូនស្រី ក្រោយដឹងរឿងរបស់នាងបុរសនោះក៏បាននិយាយល្បួងនាងថាខ្លួនស្គាល់ប៉ូលិសផ្នែកប្រឆាំងជួញដូរភេទ នៅអគ្គស្នងការនគរបាលជាតិ បើចង់ប្តឹងឲ្យលុយមកគាត់៤០ម៉ឺនរៀល គាត់នឹងជួយទៅដាក់ពាក្យបណ្តឹងឲ្យ ព្រោះសម័យនេះគេចាយលុយ…។ ពេលនោះនាងក៏បានប្រគល់លុយឲ្យទៅបុរសនោះចំនួន៤០ម៉ឺនរៀលតាមការទាមទារ ដោយសង្ឃឹមថា អាចនឹងរកឃើញប្អូនស្រីរបស់នាងមកវិញ។

នាង (ជនរងគ្រោះ) បានបន្តថា ព្រឹកស្អែកបន្ទាប់មក ជននេះក៏បានមកជួបនាងទៀត ដោយប្រាប់ថា ត្រូវការលុយបន្ថែម២០០ដុល្លារ ទៀតដើម្បីឲ្យប៉ូលិសគេធ្វើសោហ៊ុយចាយវាយចុះស្រាវជ្រាវ រកប្អូនស្រីនាង។

នាងបញ្ជាក់ថា នៅពេលនោះ នាងគ្មានលុយសេសសល់ទេ ហើយជននេះបានប្រាប់នាងឲ្យយកខ្សែ កទៅដាក់បញ្ចាំគេសិនទៅ ពេលនោះនាងក៏យកខ្សែ កមកដាក់បញ្ចាំគេនៅផ្សារធំថ្មី បានលុយចំនួន២០០ដុល្លារប្រគល់ឲ្យទៅបុរសនោះតាមសំណូមពរទៀត រួចក៏បែកផ្លូវគ្នា។

នាងបាននិយាយ ប្រាប់ក្រុមគ្រួសារបងប្អូនពីរឿងដែលនាងចំណាយលុយច្រើនរហូតដល់៣០០ដុល្លារ ដើម្បីឲ្យគេជួយដាក់ពាក្យបណ្តឹង អស់ទាំងខ្សែ ក ផងចៃដន្យនៅវេលាម៉ោង៥និង៣០ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បុរសនោះបានទូរស័ព្ទមករកនាង បបួលណាត់ជួបដើរលេង ពេលនោះ ក្រុមគ្រួសារនាងក៏បានហៅមកសួរនាំដើម្បីទារយកលុយវិញ តែជននោះគ្មានលុយ ទើបដឹងថា ជននេះបោកប្រាស់ ក៏នាំខ្លួនគេយកមកប្រគល់ឲ្យប៉ូលិសមូលដ្ឋានចាត់ការតាមច្បាប់តែម្តង។

លោក ដួង វណ្ណៈ នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ថា ក្រោយពីបាន សាកសួររួចមក ជនសង្ស័យបានសារភាពពីកំហុសរបស់ខ្លួនថា បានឆបោកយកប្រាក់ពីនាងពិតមែន ហើយត្រូវបានឃាត់ខ្លួន និងត្រៀមបញ្ជូនទៅតុលាការនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖