ខេត្តតាកែវ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីកាំកុងត្រូលច្រកអន្តរជាតិភ្នំឌិន បានបើករថយន្តក្នុងល្បឿនលឿនទៅក្រឡាប់ផ្ងារជើងលើរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ២០និង៥០នាទី ស្ថិតនៅតាមដងផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣-១២៤ នៅចំណុចភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុគិរីវង់ បានឲ្យដឹងថា រថយន្តបង្ករហេតុខាងលើម៉ាក LEXUS ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ2AD-4951 អ្នកបើកឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមន្រ្តីកាំកុងត្រូវច្រកទ្វារអន្តជាតិភ្នំដិន រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ធ្វើដំណើរពីលិចទៅកើត នឹងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឈរ វិចិត្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្រ្តីកាំកុងត្រូវច្រកទ្វារអន្តជាតិភ្នំដិន រស់នៅទីក្រុងភ្នំពេញ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកកាមរីពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2B-4994 បើកបរឈ្មោះ លេ ទូ ភេទប្រុសអាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម មុខរបរជាងសំណង់ ។
របាយការណ៍ដដែលបន្តរទៀតថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពី អ្នកបើកបររថយន្តឈ្មោះ អ៊ូ សុផារ៉ាត់ ដែលជាមន្រ្តីកាំកុងត្រូវច្រកទ្វារអន្តជាតិភ្នំដិនបានបើកក្នុងល្បឿន លុះដល់ចំណុចផ្លូវកោងពុំបានជាន់ហ្វ្រាំងបណ្តាលឲ្យរថយន្តរេចង្កូតក្រឡាប់ទៅលើរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែបណ្តាលឲ្យខូចខាតរថយន្តតែប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមច្បាប់ ៕ ភ្នំដា