ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានរាយការណ៍ថាក្នុងពេលដែលរដូវបុណ្យភ្ជុំបិណ្ឌកំពុងតែប្រព្រឹត្តទៅនោះសកម្មភាពនាំត្រីច្រើនប្រភេទ ពិសេសត្រីអណ្តែងនិងត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីជំនាញនៅច្រកទ្វារព្រំដែនភ្នំដិន គឺជាអ្នកឃុបឃិតជាមួយឈ្មួញខ្មែរនិងឈ្មួញយួននាំចូលត្រីទាំងនោះដែលភាគច្រើនពួកគេបានធ្វើសកម្មភាពនៅពេលទៀបភ្លឺដែលមិនមានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋបានឃើញច្បាស់។
ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗឈ្មួញបាននាំចូលត្រីមិនតិចជាង៣០តោនទេតាមច្រកទ្វារព្រំដែនភ្នំដិន ដែលពួកគេដឹកពីប្រទេសយួនមកដាក់នៅមាត់ទ្វារព្រំដែនតាំងពីពេលថ្ងៃ ហើយនៅពេលយប់ក្រោយពេលរត់ការបង់លុយឲ្យមន្ត្រីខ្មែររួចហើយទើបឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឆ្លងដែន។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែមន្ត្រីជំនាញនៅព្រំដែនទេ គឺសូម្បីតែមន្ត្រីជំនាញផ្សេងៗទៀតដែលប្រចាំការនៅតាមដងផ្លូវក៏បានទទួលលុយសូកប៉ាន់ពីឈ្មួញផងដែរទើបឈ្មួញដឹកត្រីដល់គោលដៅ។
ប្រជាពលរដ្ឋខេត្តតាកែវ បានសង្កត់ធ្ងន់ថាក្នុងមួយថ្ងៃៗគ្រាន់តែក្នុងខេត្តតាកែវមួយដែលមានច្រកទ្វារព្រំដែនអន្តរជាតិនិងច្រករបៀងច្រើនកន្លែង គឺកម្ពុជាបាននាំចូលផលិតផលកសិកម្មនិងទំនិញផ្សេងៗទៀតសព្វសារពើ ពិសេសផលិតផលកសិកម្មដែលសូម្បីតែបន្លែ បង្ការ ផ្លែឈើ និងត្រីសាច់ជាដើម គឺមានរាប់រយតោនដែលបង្ហាញពីភាពទន់ខ្សោយសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា៕