ភ្នំពេញ៖ ការនាំចូលជ្រូកខុសច្បាប់ នឹងធ្វើឱ្យទីផ្សារជ្រូកក្នុងស្រុកដួលរលំ ដោយសារមន្ត្រីមួយចំនួនពាក់ព័ន្ធជាមួយឈ្មួញខុសច្បាប់ ជាថ្នូរនឹងលាភសក្ការៈ ។ នេះជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។
ការលើកឡើងនេះ បន្ទាប់ពីប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ថ្មីៗនេះសមត្ថកិច្ចបានឃាត់រថយន្តដឹកជ្រូកខុសច្បាប់ជាង២០០ក្បាល របស់ក្រុមហ៊ុន លី គឹមហ្គិច នៅឯខេត្តកំពង់ចាម ។ ប៉ុន្តែ ក្រោយមានអន្តរាគមន៍ពីមន្ត្រីក្រាស់ៗ រថយន្តនេះ ត្រូវបានដោះលែងវិញ។
ប្រភពព័ត៌មាន ដដែលអះអាងថា ក្រុមហ៊ុន លី គឹមហ្គិច បានយកអាជ្ញាប័ណ្ណទៅបំបែក រួចលក់ឱ្យឈ្មួញ ដើម្បីរកស៊ីបន្តដោយខុសច្បាប់ ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ស្នើឱ្យសមត្ថកិច្ចចាត់វិធានការផងដែរ។
ផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ការនាំជ្រូកចូលស្រុកដោយខុសច្បាប់ គឺ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់អ្នកចិញ្ចឹម សមាគម និង សេដ្ឋកិច្ចជាតិទាំងមូល ។ ប៉ះពាល់សេដ្ឋកិច្ចជាតិ ក៏ព្រោះតែឈ្មួញពុំមានការបង់ពន្ធត្រឹមត្រូវចូលរដ្ឋទេ បែរជាចូលហោប៉ៅមន្ត្រីពុករលួយទៅវិញ ។
លោកផ្តល់ជាយោបល់ ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គួរតែបង្កើតយន្តការមួយច្បាស់លាស់ ពោលគឺ ត្រូវមានអាជ្ញាប័ណ្ណកំណត់ច្រកព្រំដែននាំចូលជ្រូកត្រឹមត្រូវ ឆ្លងកាត់ការត្រួតពិនិត្យ ទាំងបរិមាណកំណត់ និង គុណភាពសត្វ ។ ការធ្វើបែបនេះ នឹងធ្វើឱ្យជីវភាពអ្នកចិញ្ចឹម ក៏ដូចជាអ្នកបរិភោគសត្វជ្រូក មានសភាពល្អប្រសើរ ដោយមិនបារម្ភអំពីជំងឺទាំងឡាយ ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កត់ថា រដូវបុណ្យភ្ជុំបិណ្ឌនេះ ឈ្មួញខុសច្បាប់កំពុងសម្រុកនាំចូលជ្រូក ចូលស្រុក ស្របពេលតម្រូវការប្រជាពលរដ្ឋកើនឡើង ។ ក្នុងនាមជាសមាគម គឺ ពុំមានសិទ្ធិចាប់ឬទៅឆែកនោះទេ ពោលគឺមានសិទ្ធិត្រឹមត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធប៉ុណ្ណោះ ។
ប្រជាពលរដ្ឋម្នាក់បញ្ចេញមតិថា បន្តិចទៀត រាជរដ្ឋាភិបាលអាចនឹងលុបចោលការដេញថ្លៃកុងស៊ីផ្ដាច់មុខហើយ ព្រោះអ្នកដេញថ្លៃបាន មិនបានយកទៅធ្វើអាជីវកម្មខ្លួនឯងទេ គឺលក់ច្បាប់យកចំណេញតៗគ្នា ធ្វើឱ្យថ្លៃដើមខ្ពស់ ប៉ះពាល់ដល់អ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ ។
អ្នកខ្លះនិយាយថា ប្រសិនបើផ្អាកឬបិទការនាំចូលជ្រូកពីបរទេសបាននោះ ប្រជាជនអ្នកចិញ្ចឹមជ្រូកនឹងអបអរសាទរក្រៃលែង ។ ប៉ុន្តែ ក្នុងស្រុកចិញ្ចឹមផ្គត់ផ្គង់មិនគ្រប់ទេ នឹងធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ ប៉ះពាល់ដល់អ្នកទទួលទានដែលមានចំនួនច្រើនលើសលប់ ព្រោះបច្ចុប្បន្ន អ្នកក្រ បានសាច់ជ្រូកនឹងហើយ ទិញ២ខាំ ឆាស្លជាមួយបន្លែបានមួយឆ្នាំង។
លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ធ្លាប់ថ្លែងថា បញ្ហានេះ គឺកើតឡើងដោយសារការរត់ពន្ធសត្វខុសច្បាប់ពីសំណាក់ឈ្មួញ ។ ខាងអង្គភាពក៏អំពាវនាវឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដីជួយទប់ស្កាត់ការរត់ពន្ធនេះផងដែរ ។លោកបានបន្ថែមថា យើងមិនអាចបិទច្រកការនាំចូលសត្វពីប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបានទេ អ្វីដែលយើងអាចធ្វើបាន គឺត្រូវតាមដានស្ថានភាពសុខភាពសត្វពីប្រទេសនាំចូលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានចំណាយ១០០លានដុល្លារ លើការនាំចូលសាច់ជ្រូក សាច់គោ និងសាច់មាន់ ។ មិនតែប៉ុណ្ណោះ កម្ពុជាបាននាំចូលចំណីសត្វក្នុងតម្លៃ ១៣៥លានដុល្លារ និងចំណាយលើការទិញផលិតផល ថ្នាំវ៉ាក់សាំងទប់ស្កាត់ជំងឺសត្វតម្លៃ១៥លានដុល្លារ៕ ចេស្តា