ភ្នំពេញ៖ បង្គោលភ្លើងមួយដើមបានបាក់ ចំណែករថយន្តខ្ទេចស្ទើរទាំស្រុង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារទ្រមេឃ ខណះបុរសម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយរ៉េចង្កូតជ្រុលទៅបុកឃឿនទ្រូងផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះសំណាក់ “មហាលៀប ” តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Honda Fid ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F-8708 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ6 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតជ្រុលទៅបុកឃឿនសួនច្បារ ហើយផ្លោងទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងបាក់រលើងទាំងគល់ផ្លោងចេញជិត១០ម៉ែត្រ ហើយរថយន្តបង្កបានក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង។ក្រោយពេលកើតហេតុភ្លាមៗ គេឃើញបុរសជាអ្នកបើករថយន្ត បានវាចេញពីក្នុងរថយន្ត បំរុងគេចខ្លួន តែត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន។
បន្ទាប់ពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរបានចុះវាស់វែង យករថយន្តបង្កខាងលើ រួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរផហលូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយជាក្រោយតាមនីតិវិធី៕ ជ្រោយពេជ្រ