ព័ត៌មានទាន់ហេតុការណ៍៖

កុមារាអាយុ២ឆ្នាំម្នាក់លង់ទឹកស្លាប់ខណៈឪពុករវល់រកស៊ីបញ្ចូលហ្គាស

ចែករំលែក៖

ខេត្តកណ្ដាលៈ ឪពុករវល់រកស៊ីបញ្ចូលហ្គាសកូនទៅលេងទឹកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង០៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ឡា រក្សា ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល មានឪពុកឈ្មោះ គិត ផល្លា អាយុ៣២ឆ្នាំ ។

ប្រភពដដែលបានបន្តថា តាមការបំភ្លឺរបស់លោក គិត ផល្លា ឪពុកកុមាររងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានយកកូនទៅលេងនៅខាងក្រោយផ្ទះ រួចបានទុកកូនចោលមួយភ្លែតសិន ដើម្បីទៅបញ្ចូលហ្គាស ខណៈកំពុងតែជាប់រវល់បញ្ចូលហ្គាសបានចំនួន២០កំប៉ុង ក៏បាត់កូនរបស់ខ្លួនមិនឃើញនៅលេងកន្លែងដែលខ្លួនទុកនោះ ក៏ដើរសួរបងប្អូនអ្នកជិតខាងតែគ្មានអ្នកមួយឃើញនោះទេ ដោយមានការសង្ស័យក៏ដើរមកមើលឯកំពុងទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកុមាររងគ្រោះអណ្តែតនៅលើផ្ទៃទឹក ភ្លាមៗនោះ ខ្លួនជាឪពុកនិងបងប្អូនជិតខាងបានស្រវ៉េស្រវ៉ាជួយសង្រ្គោះតែជាអកុសលកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានធ្វើការចុះមកពិនិត្យសាកសពជនរងគ្រោះរួចបានបញ្ជាក់ថា កុមាររងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖