ភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៣នៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពាន រង្វាន់ TV5 Knock out series by K-Cement កីឡាករ សំអាង ឌុន មកពីក្លិបអេ ភូថងកីឡា និងកីឡាករ រិទ្ធ មុន្នី មកពីក្លិប មកុដរាជសីហ៍បានឈ្នះកៅអីវគ្គ១៦នាក់ បន្ទាប់ពីវាយឈ្នះដៃគូប្រកួតរៀងៗខ្លួនក្នុងវគ្គជម្រុះ៣២នាក់ដំណាក់កាលទី១កាលពីល្ងាចថ្ងៃទីសៅរ៍ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ជ័យជម្នះរបស់កីឡាករ សំអាង ឌុន គឺ វាយឈ្នះកីឡាករ ខុន ស៊ីចាន់ មកពីក្លិប អប់រំកាយនិងកីឡាស្រុកអន្លង់វែង ខេត្តបន្ទាយ មានជ័យដោយពិន្ទុ។ កីឡាករ សំអាង ឌុន មានប្រៀបឈ្នះ ខុន ស៊ីចាន់ដាច់ខាងកម្ពស់ ទើបធ្វើឲ្យកីឡាករ ខុន ស៊ីចាន់ ពិបាកវាយ ទៅលើកីឡាករ សំអាង ឌុន ក្នុងចំណោម ៣ទឹកនោះ ។
ចំពោះកីឡាករ រិទ្ធ មុន្នី វិញបានវាយ ឈ្នះកីឡាករជើងចាស់ ឯម វិចិត្រ មកពីក្លិប ប្ញទ្ធីពោធិ៍សេនជ័យដោយពិន្ទុ។ ការបរាជ័យ របស់កីឡាករ ឯម វិចិត្រលើកនេះបានទុក មន្ទិលជាច្រើនសម្រាប់ទស្សនិកជន ព្រោះ កីឡាកររូបនេះហាក់គ្មានចេតនាដណ្តើមឈ្នះកៅអីវគ្គជម្រុះដំណាក់កាលទី១នៃ កម្មវិធី TV5 Knock out series by K-Cement នេះឡើយ ពោលគឺឡើងសម្រាប់ធ្វើ ជាបាវសាក់ឲ្យ រិទ្ធ មុន្នី វាយកម្តៅសាច់ដុំតែ ប៉ុណ្ណោះ ។
គួររំលឹកថា សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ TV5 Knock out series by K-Cement នេះកីឡាករដែលក្លាយជាម្ចាស់ជើង ឯកប្រចាំរដូវកាលនឹងទទួលបានប្រាក់រង្វាន់ ចំនួន៤ពាន់ដុល្លារអមដោយពានរង្វាន់ធំ ចំនួន១ដោយកីឡាកររូបនោះបានប្រកួតឈ្នះចាប់ពីវគ្គជម្រុះដំណាក់កាលទី១រហូត ដល់វគ្គផ្តាច់ព្រ័ត្រ ៕ សារីម