ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញជំរុញឲ្យមន្ទីរធនធានទឹកស្តារប្រឡាយព្រែកតាអេវឲ្យរំដោះទឹកបាននៅវស្សាឆ្នាំក្រោយ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ស្តារប្រឡាយព្រែកតាអេវ ឲ្យ រំដោះទឹកបាន នៅវស្សាឆ្នាំក្រោយ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ ។

ការជំរុញរបស់លោកឃួង ស្រេងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ទឹកភ្លៀង លិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧នេះ។

ប្រឡាយព្រែកតាអេវ ដែលគ្រោងនឹងស្តារឡើងវិញ ត្រូវបានមន្រ្តីរដ្ឋបាលរាជធានី ឲ្យដឹងថា មានប្រវែង១.៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីរូបនេះ មិនបានបញ្ជាក់អំពីទំហំប្រឡាយនិងចាប់ផ្តើមការដ្ឋាននៅពេលណានោះទេ ដោយគ្រាន់តែចុះមកពិនិត្យនិងធ្វើការសិក្សា ដើម្បីវាយតម្លៃគម្រោង។

លោកឃួង ស្រេង បានបញ្ជាក់នៅក្នុងពេលចុះពិនិត្យនោះថា កិច្ចការងារនេះ នឹងប្រគល់ឲ្យទៅមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ជាអ្នកទទួលការងារស្តារប្រឡាយនេះ ដោយនឹងត្រូវប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿង ។ លោកក៏បានបញ្ជាក់ផងដែរថា ការងារនេះ ជាការងារសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដោយវាជាការងារដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតំបន់នេះ និងជុំវិញតំបន់នេះ ដែលតែងតែទទួលការលិចលង់ ឲ្យតែមានភ្លៀងម្តងៗ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧នេះ ជាជំហានទី១ ដែលលោកឃួង ស្រេងបានចុះមកពិនិត្យមើលស្ថានភាពស្ពានព្រែកតាអេវ ក្នុងសង្កាត់ព្រែកថ្មី ដោយដាក់គ្រឿងចក្រកាយនិងស្តារប្រឡាយនេះ ដើម្បីនាំទឹកទម្លាក់ទៅក្នុងទន្លេបាសាក់។ បន្តមកទៀត លោកអភិបាលរាជធានី បន្តទៅពិនិត្យប្រឡាយព្រែកអ្នកតាវាំង។ បន្តពីនេះទៀត លោកអភិបាលរាជធានីបានទៅពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជាប់បឹងស្នារ ដែលកំពុងទទួលរងការលិចលង់ ដើម្បីរកដំណោះស្រាយការលិចលង់ជូនពួកគាត់។

ពាក់ព័ន្ធនឹងការងារនេះ លោកឃួង ស្រេង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរខណ្ឌ រាជធានី ដើម្បីរួមគ្នាទប់ស្កាត់ការចាក់ដីរំលោភយកប្រឡាយ ដែលប្រឡាយទាំងនេះជាទ្រព្យសម្បត្តិរួមទាំងអស់គ្នា មានន័យថា បើលិចគឺលិចទាំងអស់គ្នា។ ដូច្នេះទេ បើបងប្អូនប្រជាពលរដ្ឋបានឃើញ និងទទួលព័ត៌មានថាមានជនណាដែលចាក់ដីរំលោភត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានឲ្យដឹងថា ព្រែកតាអេវ ជាព្រែកមួយនៅជាប់ព្រំប្រទល់ ភូមិព្រែកថ្មី១ និងភូមិកោះក្របី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយព្រែកនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹក ចេញពីសង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ៕ សំរិត


ចែករំលែក៖