ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីពន្ធនាគារពីបទលួច ពេលចេញមកវិញលួចទៀត ជាប់គុកដដែល

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់បានធ្វើ សកម្មភាពលួចសាច់មាន់និងសាច់ទារបស់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសាកសួរកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី យប់ នៅចំណុចផ្សារគគីរ ភូមិ-ឃុំគគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​(ឃាត់ខ្លួន) និងទី២-ឈ្មោះធី ព្រួញ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ដោយឡែកជនរងគ្រោះឈ្មោះ លឹម សាវុន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិកខ្មែរ មុខរបរលក់ដូរសាច់មាន់និងសាច់ទា មាន លំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ៊្សុយគីវីវ៉ាស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1E-0386, ទូរស័ព្ទដៃម៉ាក NOKIA ចុចពិលពណ៌ទឹកក្រូច១គ្រឿង, សាច់​មាន់និងសាច់ទា ចំនួនប្រហែល១០ គីឡូក្រាម ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពី វេលាម៉ោងកើតហេតុកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលគគីរបានចុះល្បាតតាមភូមិសាស្ត្រ ក្នុងមូលដ្ឋាន។ ពេលល្បាតដល់ចំណុចភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្ដាលក៏បានជួបជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1E-0386 និងមានដឹកសាច់មាន់និងសាច់ទានៅលើ ម៉ូតូដោយ។ តែមានការសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍គគីរក៏បានឃាត់ដើម្បីសួរនាំនិងយកទៅប៉ុស្តិ៍សាកសួរបន្ថែមទៀត។ ពេល នោះជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា ខ្លួនទាំង២នាក់ ពិតជាបានលួចសាច់មាន់និងសាច់ទាពីតូបជនរងគ្រោះខាងលើនៅក្នុងផ្សារគគីរប្រាកដមែន។ ចំពោះវត្ថុ​តាងសាច់មាន់និងសាច់ទា សមត្ថកិច្ចប៉ុស្តិ៍បានប្រគល់ឲ្យម្ចាស់វិញ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ខាងលើជាមុខសញ្ញាលួចយ៉ាងសកម្មក្នុង ភូមិ។ ចំណែកជនសង្ស័យឈ្មោះ ធី ព្រួញ ភេទប្រុស ជាមុខសញ្ញាទើបចេញពីពន្ធ នាគារពីបទលួច៕ ហេង នរិន្ទ្រ


ចែករំលែក៖