ភ្នំពេញ៖ ក្រោយបញ្ចប់ការសួរដេញដោលជាអសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ សម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកពាក្យសាលាឧទ្ធរណ៍ ថ្លែង មុននេះបន្តិច ។
ខណៈសភាស៊ើបសួរសាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការនៅឯបរិវេណខាងក្រៅវិញ ក្រុមអ្នកតំណាងគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំ ខណៈកងកម្លាំងសាធារណៈក៏ប្រមូលផ្ដុំគ្នាផងដែរ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់សាធារណៈ ។
លោក សំ សុគង់ មេធាវីការពារក្ដីលោកកឹម សុខា ថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។
នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ថាសមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាពជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕ ចេស្តា