ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសផ្កាយ៣ ហែម ថេង កំពុងរត់គេចខ្លួន ក្រោយស៊ីដាច់ប្រាក់ជាង១៤ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

កំពង់ចាម៖ កូនប្រុសលោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ គឺ ឈ្មោះ ហែម ចរិយា ជាជំនួយការផ្ទាល់ឪពុកនិងជាអនុប្រធាននាយកដ្ឋាន ត្រូវបានតុលាការខេត្តកំពង់ចាម ចេញដីកាបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៣១នាក់ រួមទាំងព្រះសង្ឃផងដែរ ចោទប្រកាន់ស៊ីដាច់ប្រាក់ជាង១៤ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិតែបរាជ័យ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ហែម ចរិយា មានអត្តលេខ៦៦៥០៧ ជាជំនួយការលោកឧត្តមសេនីយ៍ឯក ហែម ថេង មានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ ជាប់សង្ស័យបានប្រព្រឹត្តអំពើឆបោកប្រាក់ ចំនួន១៤០,២៦៧ដុល្លារ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ ឱ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ពាក់ព័ន្ធទៅនឹងសំណុំរឿងមួយនេះ ព្រះសង្ឃមួយអង្គព្រះនាម សេង សារី គង់នៅវត្តនគរបាជ័យ ភូមិអំពើលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយ រហូតតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ដោយសារតែព្រះសង្ឃជាអ្នកដើរប្រមូលពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ដោយម្នាក់បានចំណាយទឹកប្រាក់ ចាប់ពី១,០០០ដុល្លារ រហូតទៅដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។

ដោយឡែក មន្ដ្រីនគរបាលជាន់ខ្ពស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ថ្លែងថា ឈ្មោះ ហែម ចរិយា ពិតជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ពិតមែន ។ប៉ុន្ដែរហូតមកដល់ពេលនេះ បានរត់គេចខ្លួនបាត់ហើយ។

សម្រាប់ព្រះតេជគុណ ព្រះនាម សេង សារី វិញ ក៏បានផ្ញើសារចូលទំព័រ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានខ្លឹមសារថា «លោក ហែម ចរិយា ដែលជាមន្ដ្រីនគរបាលជាតិផ្នែកអន្ដោប្រវេសន៍ ដែរជាកូនរបស់ឯកឧត្តម ហែម ថេង មកបោកប្រាស់អាសត្មាភាពឲ្យរកមនុស្សចូលក្របខ័ណ្ឌនគរបាលជាតិ ដោយយកតួនាទីខ្លួន និងតួនាទីរបស់ឪពុកមកអះអាង ទឹកប្រាក់ដែរលោក ហែម ចរិយា បោកយកទៅចំនួន១៤០,០០០ដុល្លារ ក្នុងនោះមានទាំងព្រះសង្ឃ កូនសិស្សទាំងអស់៣១អង្គ/នាក់។ មនុស្សដែរអាត្មារកឲ្យលោក ហែម ចរិយា ឥលូវនេះគេប្ដឹងអាត្មាភាព អាត្មាភាពមិនដឹងធ្វើយ៉ាងណាម៉េចទេ»។

ពាក់ព័ន្ធនឹងករណីនេះ ដោយសារព្រះតេជគុណ សេង សារី ជាអ្នកជួយរកមនុស្ស និងយកលុយពីពលរដ្ឋទៅឲ្យឈ្មោះ ហែម ចរិយា ដើម្បីរត់ការនោះ ក៏ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងផងដែរ៕ ចេស្តា


ចែករំលែក៖