ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ដែលសមត្ថកិច្ចបង្រ្កាបបាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្រុម៤ ស្ថិតក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ណៃ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តដឹកកម្មកររោងចក្រកាត់ដេ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ម៉ាត់ ម៉ាន ភេទប្រុស អាយុ៣៣ឆ្នាំ (មានសារធាតុញៀនក្នុងខ្លួន) មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថបញ្ជាក់ថា ជាមួយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់ ទម្ងន់០,១២ក្រាម, ដបជក់៣, ដែកកេះចំនួន១២ដើម, ទូរស័ព្ទដៃ១គ្រឿង, កន្ត្រៃមួយ, ថង់សម្រាប់ច្រកថ្នាំញៀនចំនួន៣ដុំធំ, ដាវ១ដើម, កាំបិត១ដើម និងម៉ូតូចំនួន២គ្រឿង៕ ឆ្លាម សមុទ្រ