ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយហើយករណី​នាំគោយន្តកន្ត្រៃ(សែកាង)ពីវៀតណាមចូលដឹកឈើតាមច្រករបៀងជិតប៉ុស្តិ៍៧គឺយោធាដៃស្តាំរបស់លោកផ្កាយ១ ឃឹន ម៉េងស្រេង

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ គោយន្តកន្ត្រៃ(សែកាង) ប្រភេទជារថយន្តកែច្នៃត្រូវបាន​នាំចូលពីទឹកដីវៀតណាម តាមប៉ុស្តិ៍៧៥១ ច្រក​ណាំលៀ-ប៉ុស្តិ៍៧ ដើម្បីចូលទៅដឹកឈើនៅចំណុចប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ត្រូវបានបែកការណ៍ហើយនៅ​រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្នងការនគរបាលខេត្ត​ ក៏បានទទួលដំណឹងនេះ និងបញ្ជាទៅកាន់​ស្នងការ​រងទទួលបន្ទុកព្រំដែន ស្នងការរងទទួលបន្ទុកសន្តិសុខ មេបញ្ជាការនគរបាលវរៈព្រំដែន អធិការនគរបាលស្រុក​ក្នុង​ដែនដីពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់ និងចុះប្រមូលព័ត៌មាន ស៊ើបអង្កេត តាមដានរកឲ្យឃើញជុំវិញនឹងសកម្មភាពអនុញ្ញាត​ឲ្យ​រថយន្ត​កន្ត្រៃ (សែកាង)ចូលមកដឹកឈើក្នុងទឹកដីខ្មែរ។ ក្នុងនោះលោកស្នងការថែមទាំង​ស្តីបន្ទោសទៅកាន់មន្ត្រីរបស់​ខ្លួនថា អាចនឹងមានអំពើឃុបឃិតគ្នា ដូច្នេះ ត្រូវទទួលខុសត្រូវតាម​តួនាទី ភារកិច្ច។

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ឃើញថា មានអាជ្ញាធរ សមត្ថកិច្ចបានយកចិត្តទុកដាក់ក្នុងរឿងនេះ បន្ទាប់ពីថ្នាក់លើ​ដាក់ភាពសង្ស័យ និង​ទទួលស្គាល់ថា សកម្មភាពបទល្មើសដឹកជញ្ជូនឈើនៅតែមាន។ មិនត្រឹមតែ​ប៉ុណ្ណោះ លោកស្នងការនគរបាលខេត្ត ទន្ទឹមនឹងចេញបញ្ជាទៅកាន់ស្នងការរងទទួលបន្ទុក នគរបាលវរៈព្រំដែន និងនគរបាលស្រុកពាក់ព័ន្ធរួចមក លោកក៏បានដឹកនាំកម្លាំងចុះចូលទៅក្នុងព្រៃនោះដោយផ្ទាល់ ប៉ុន្តែពុំទាន់មាន​ព័ត៌មានជាក់លាក់ណាមួយទម្លាយឲ្យដឹងថា អាចចាប់បានចំពោះបទល្មើសនោះនៅឡើយទេ។

គេបានលួច​ទម្លាយថា ករណី​រថយន្តកន្ត្រៃសែកាង ដែលចូលមក​ទឹកដី​ខេត្តមណ្ឌលគីរីតាមតំបន់អូរតាំកន និង​ចន្លោះប៉ុស្តិ៍៧រវាងប៊ូស្រាជិត៥០គ្រឿងនោះ គឺមានឈ្មោះមន្ត្រីយោធាព្រំដែនមួយរូបឈ្មោះ ម៉ៅ ជាដៃស្តាំលោក​ផ្កាយ១ ឃឹន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអតីត​ជាតៃកុងឡានព្រះរាជអាជ្ញា គាត់ជា​អ្នក​ចេញមុខធ្វើកិច្ចការនាំគោយន្តកន្ត្រៃសែកាងវៀតណាមមកដឹកឈើនៅ​តំបន់ប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ។ បើទោះជា​ពាក់ព័ន្ធ ឬមិន​ពាក់ព័ន្ធជាមួយលោកផ្កាយ១ ឃឹន ម៉េងស្រេងក៏ដោយ ប្រភពនៅ​ទីនោះ​បាន​បង្ហើបថា ឈ្មោះ ម៉ៅ នេះគេចខ្លួនទៅប្រទេសវៀតណាម ហើយក៏កំពុងរង់ចាំមើល​ពីលទ្ធផល តើ​សមត្ថកិច្ចដែលកំពុងបង្កើតក្រុមចុះទៅ​បង្ក្រាប ឈានដល់ដឹងមុខសញ្ញា​អ្នកនាំមធ្យោបាយដឹកបទល្មើសឈើនេះជានរណាពិតប្រាកដនោះទេ? ដើម្បីខ្លួនរកច្រកចេញ។

គួររំលឹកថា មុន​ពេលភ្ជុំបិណ្ឌ លោកសំរិទ្ធ ណយ មេនគរបាលប៉ុស្តិ៍៧ បានអនុញ្ញាតឲ្យ​រថយន្ត​ឡង់គ្រីសឺកែច្នៃដឹកឈើ​ឆ្លងទៅវៀតណាមតាមប៉ុស្តិ៍ខ្លួនគ្រប់គ្រងក្នុងមួយយប់មាន៧ទៅ១៥គ្រឿង ក្រោយមកក៏បែកការណ៍ និងផ្អាកមួយរយៈ។ ទន្ទឹមនោះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឮថា សំរិទ្ធ ណយ ដែលញៀននឹងការបើកភ្លើងខៀវ​ឲ្យរថយន្តដឹកឈើឆ្លងកាត់ទៅវៀតណាមតាមប៉ុស្តិ៍ដែលខ្លួនកាន់កាប់មានពាក់ព័ន្ធទៅនឹងការបែងចែកកញ្ចប់ ទើប​ឈ្មួញវៀតណាមបានបង្វែទិសដៅ​តាមគម្រោង​ដែលចូលមកដឹកឈើនៅប៉ុស្តិ៍៤ប៉ុស្តិ៍៥ តាម​ច្រក៧៥១របស់វៀតណាម ប្តូរទិសដៅ​ ខណៈបែកការណ៍ ក៏​អនុញ្ញាតឲ្យ​គោយន្តកន្ត្រៃសែកាងចូលជិត៥០គ្រឿងតាម​តំបន់អូរតាំកន ជិតប៉ុស្តិ៍៧ ចន្លោះប៊ូស្រា ដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះច្រកទ្វេភាគីប៉ុស្តិ៍៧។

សមត្ថកិច្ចបាន​បញ្ជាក់ថា លោកស្នងការ​ដែលទើបនឹងឡើងកាន់តំណែងថ្មីជិត៣ខែមកនេះ បានយកចិត្តទុកដាក់ក្នុងរឿងនេះរហូត​ដឹកនាំកម្លាំងចុះទៅក្នុងព្រៃដើម្បីប្រមាញ់ចាប់។ ក្នុងនោះ​គេទទួលស្គាល់ថា ស្នងការរង ស្នងការរងទទួលបន្ទុកអាចនឹងពាក់ព័ន្ធជាមួយនឹងមន្ត្រីរបស់ខ្លួនតាមបណ្តាប៉ុស្តិ៍ ទើបឈានដល់ការអនុញ្ញាតឲ្យវៀតណាមចូលមក​ដឹកឈើក្នុងទឹកដីខ្មែរ ប៉ុន្តែ​ត្រូវបរាជ័យ។ ដូច្នេះ ក្នុងរឿងនេះ គេក៏បានទម្លាយថា អាចជាការ​បើកភ្លើងខៀវ ឬជំរុញណាមួយពីលោកផ្កាយ១ ឃឹន ម៉េងស្រេង ដើម្បីឲ្យមន្ត្រីយោធាឈ្មោះ ម៉ៅ ដៃស្តាំរបស់ខ្លួននាំរថយន្តកន្ត្រៃសែកាងចូលមកដឹកឈើ សម្រាប់ជាតំណែងចុងក្រោយរបស់ខ្លួន ដែលប្រឈមនឹង​ការ​ពិន័យពីថ្នាក់លើ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងព្យាយាមរកប្រាក់សារជាថ្មីដើម្បី​ប្រើប្រាស់​ទៅលើ​បញ្ហារបស់ខ្លួនទាំងផ្នែកផ្លូវច្បាប់ និងមុខតំណែង។ ករណីនេះ ក៏ពុំទាន់មាន​ប្រភពច្បាស់ការណ៍នៅឡើយថា តើលោកឃឹន ម៉េងស្រេងពិតជាបានពាក់ព័ន្ធមែនឬមួយយ៉ាងណានោះទេ ដោយមជ្ឈដ្ឋានមួយចំនួនកំពុងតែ​តាមដានក្នុងរឿងនេះ បន្ទាប់ពីសកម្មភាពអនុញ្ញាតឲ្យវៀតណាមចូលមកដឹកឈើនៅតំបន់អូរហ៊ុចត្រូវបានបង្ក្រាបក្នុងបទល្មើសជាក់ស្តែង​ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជោគជ័យ។ ចំពោះសកម្មភាពនៅ​ប៉ុស្តិ៍៤ប៉ុស្តិ៍៥ ឬប៉ុស្តិ៍៧៥១របស់វៀតណាម ប៉ុស្តិ៍៧ តំបន់ទ្វេភាគី ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេនោះ សកម្មភាពដឹកឈើចេញពីប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានទ្រង់ទ្រាយធំជាងតំបន់អូរហ៊ុច ខណៈកន្លងទៅឈ្មួញវៀតណាមបានខាតប្រាក់យ៉ាងច្រើនសម្រាប់យកមកចាយរត់ការណ៍ដើម្បីយកត្រាក់ទ័រ និងរថយន្តបាកុងមកដឹកឈើនៅតំបន់ប៉ុស្តិ៍៤ប៉ុស្តិ៍៥ ត្រូវបរាជ័យ។ លើកនេះ ខាងឈ្មួញវៀតណាម ក៏ខាតប្រាក់​មួយ​ចំនួនធំក្នុងករណីគោយន្តកន្ត្រៃសែកាងចូល ហើយត្រូវបានបែកការណ៍ និងមានសមត្ថកិច្ចជាច្រើនស្ថាប័នចុះទៅស៊ើបអង្កេតស្រាវជ្រាវដើម្បីបង្ក្រាប ។ ប៉ុន្តែឈ្មួញវៀតណាមមិនបោះបង់​លុយ​របស់ខ្លួនដែលបានចំណាយនោះចោលទេ នឹងព្យាយាមរកឱកាស ក៏ដូចជាសហការជាមួយនឹងយោធាព្រំដែន នគរបាលព្រំដែនដើម្បីមានឱកាសប្រមូលឈើនៅតំបន់ប៉ុស្តិ៍៤ប៉ុស្តិ៍៥បន្តទៀត៕

 

 


ចែករំលែក៖