ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ៤១គ្រួសារ បានដាក់ពាក្យបណ្តឹងទៅចៅសង្កាត់ព្រែកហូរឲ្យជួយរកដំណោះស្រាយជូនពួកគាត់ ព្រោះផ្លូវក្នុងភូមិលិចលង់ដោយសារក្រុមហ៊ុន អុក ឆា លុបស្រះនិងបឹងបានធ្វើឲ្យទឹក ច្រាលចេញមកក្រៅលិចភូមិពិបាកធ្វើ ដំណើរដូចជាកូនទៅរៀនទៅធ្វើការ ព្រម ទាំងសាលារៀនក៏ត្រូវលិចលង់ដែរ ។
ប្រជាពលរដ្ឋបានបន្តថា កូនតូចៗរបស់ពួកគាត់មិនអាចទៅរៀនបានដោយទឹក ជន់លិចមិនមានកន្លែងសម្រាប់បញ្ចៀសទឹក ចេញទេហើយសព្វថ្ងៃនេះពួកគាត់មានការលំបាកខ្លាំងក្នុងការរស់នៅ ពិសេសពេល មានភ្លៀងធ្លាក់មកម្តងៗគឺទឹកហូរហៀរ ពេញផ្លូវចូលផ្ទះ ។
អ្នកភូមិបាននិយាយថា កាលពីមុនឡើយ មិនមានដូចនេះទេក្រោយពីមានក្រុមហ៊ុន អុក ឆា មកអភិវឌ្ឍន៍មកពលរដ្ឋនៅទីនេះ ពិបាករស់នៅណាស់ តើអភិវឌ្ឍន៍ដើម្បីអ្វីបើរាស្រ្តរងទឹកភ្នែកបែបនេះនោះ?
ពួកគាត់បានប្រាប់ថា មានមន្រ្តីដែលជាខ្នងបង្អែកជាអ្នកធំម្នាក់នៅពីក្រោយទើបក្រុមហ៊ុន អុក ឆា មិនខ្លាចញញើតសូម្បីតែមន្រ្តីតូចតាចថ្នាក់ក្រោមដោយសារមាន អ្នកធំម្នាក់ឲ្យដៃនៅពីក្រោយ។ ដូចពាក្យ ចាស់ពោលថា «បើខ្មោចស្រុកមិនឲ្យដៃតើ ខ្មោចព្រៃហ៊ានទេ» ពាក្យចាស់បុរាណនេះពិតជាមានន័យណាស់ ។
នគរវត្តមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តកណ្តាលបានទេកាលពីថ្ងៃម្សិលមិញ។ យ៉ាងណាពលរដ្ឋសង្ឃឹមថា មានតែលោក ម៉ៅ ភិរុណ អភិ បាលខេត្តទេដែលអាចរកសេចក្តីសុខជូនពលរដ្ឋក្រីក្របានមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែភ្លើងក៏ មានតម្លៃថ្លៃដែរ។ ពួកគាត់ឆ្ងល់ថា តើការ អភិវឌ្ឍក្រោមតំណក់ទឹកភ្នែករាស្រ្តក្រីក្រលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលច្បាស់ជាមិនសុខចិត្តទេ ៕ ហេង នរិន្ទ្រ