ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្នើឱ្យទូតអាមេរិកគិតគូរបញ្ហាគ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បានលើកឡើងជាសំណូមពរទៅលោក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថាគួរទៅពិនិត្យមើលគ្រាប់បែកគីមីដែលត្រូវបានរកឃើញនៅខេត្តស្វាយរៀងផង។ សម្តេចតេជោបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រនានានៅតំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា កម្ពុជាបានទទួលបទពិសោធន៍គ្រប់គ្រាន់ហើយទៅលើសង្រ្គាមដែលបានបង្កដោយបរទេសនៅពីក្រោយខ្នង។ ជាក់ស្តែងគ្រាប់ បែកគីមីដែលនៅសេសសល់នេះជាសំណល់នៃសង្រ្គាមដែលអាមេរិកបានទម្លាក់គ្រាប់បែកជាច្រើននៅលើទឹកដីកម្ពុជា ។

សម្តេចតេជោបានបន្តថា អាមេរិកគួរតែផ្តល់លុយដើម្បីយកគ្រាប់បែកទាំងអស់នេះ ពីលើទឹកដីខ្មែរប្រសើរជាងមកទារលុយថ្លៃគ្រាប់បែកពីកម្ពុជានោះ។ ទូតអាមេរិកគួរផ្តោតការយកចិត្តទុកដាក់ទៅលើគ្រាប់បែកគីមីនៅខេត្តស្វាយរៀងនោះថា តើគួរធ្វើ យ៉ាងណា? បើទុកធ្វើឲ្យមនុស្សមានការ ភ័យខ្លាចបើដុតបំផ្លាញនោះវាមានសារធាតុគីមីគ្រោះថ្នាក់ធ្វើឱ្យមនុស្សស្លាប់និងកើតមេរោគផ្សេង ។

សម្តេចតេជោបានលើកឡើងថា វត្តមាន គ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀងកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជា ពលរដ្ឋនៅតំបន់នោះ ហើយក៏កំពុងបង្កការ លំបាកដល់មន្រ្តីជំនាញផងដែរថា មិនដឹងត្រូវចាត់ការរបៀបណាទៅលើគ្រាប់នោះ ព្រោះបើបំផ្ទុះសារធាតុគីមីនឹងជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ ។

សម្តេចតេជោបានគូសបញ្ជាក់ថា សារ ធាតុគីមីរបស់គ្រាប់បែកនោះវានឹងធ្វើឲ្យ មនុស្សពិការរូបរាងកាយ និងពិការភ្នែកជា ដើម។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានឹងគិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀងក៏ដូចជាគ្រាប់បែករបស់អាមេរិក ដទៃទៀតដែលកំពុងកប់ក្នុងដីកម្ពុជា ។

ពាក់ព័ន្ធគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយ រៀងនេះលោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថា សុីម៉ាក់បានបញ្ជាក់ថា សុីម៉ាក់នឹងពិភាក្សាជា មួយអាជ្ញាធរគីមីនៃក្រសួងការពារជាតិដើម្បី បើកប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិកនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងក្នុងពេលឆាប់ៗនេះ ។

លោក ហេង រតនា បានបញ្ជាក់ទៀតថា គ្រាប់បែកគីមីនោះជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិកប្រសិនបើផ្ទុះនឹង រងផលប៉ះពាល់ខ្លាំងដែលអាចបង្កឲ្យថប់ ដង្ហើមក្មេងកើតមិនគ្រប់ខែនិងមានបញ្ហា មួយចំនួនទៀត។ គ្រាប់បែកគីមីនេះសុីម៉ាក់ ធ្លាប់បានជួបនៅខេត្តចំនួន៥រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ ប៉ុន្តែមានខេត្ត៣ដែលសុីម៉ាក់ ជឿជាក់ថា មានគ្រាប់បែកគីមីនេះរួមមានខេត្តស្វាយរៀង ព្រៃវែង និងខេត្តមណ្ឌលគិរី។

លោកបានបន្ថែមថា នៅពេលបើកប្រតិបត្តិការដោះគ្រាប់បែកគីមីនេះអាចនឹងត្រូវជម្លៀសប្រជាពលរដ្ឋនៅតំបន់នោះចេញទៅកន្លែងសុវត្ថិភាពមួយរយៈពេលសិន រហូតដល់ប្រតិបត្តិការដោះត្រូវបានបញ្ចប់ ដើម្បីការពារផលប៉ះពាល់ជាយថាហេតុ ។

ក្នុងកិច្ចសំណេះសំណាលនោះសម្តេច តេជោបានពន្យល់កម្មករកម្មការិនីផងដែរ ពីសារសំខាន់នៃសុខសន្តិភាព។ សម្តេច តេជោបានប្រាប់កម្មករកម្មការិនីថា មានតែ សុខសន្តិភាពតែប៉ុណ្ណោះទើបធ្វើឲ្យមាន រោងចក្រសហគ្រាសសម្រាប់ឲ្យកម្មករ កម្មការិនីបន្តធ្វើការងារ និងអាចស្វែងរកប្រាក់ឈ្នួលជួយដល់ក្រុមគ្រួសារនិងទ្រទ្រង់ជីវភាពរបស់ខ្លួន ។

សម្តេចតេជោបានថ្លែងបញ្ជាក់យ៉ាង ដូច្នេះថា «ខ្ញុំអំពាវនាវទាំងអស់គ្នាមេត្តារួមគ្នារក្សាសន្តិភាពដើម្បីរក្សាដំណើរការនៃការអភិវឌ្ឍ។ គ្មានសន្តិភាពមិនអាចមាន ការអភិវឌ្ឍបានទេ នេះជាបទពិសោធន៍ ដែលជីដូនជីតាឪពុកម្តាយរបស់ក្មួយៗបានឆ្លងកាត់។ បងប្អូនមួយចំនួនក៏បានឆ្លងកាត់ ដំណាក់កាលដែលប្រទេសយើងមាន សង្រ្គាម តើយើងបានអភិវឌ្ឍអ្វីខ្លះទៅ? មិន មានការអភិវឌ្ឍណាមួយកើតឡើងក្រៅតែពីការបំផ្លិចបំផ្លាញដោយគ្រាប់បែក២លាន ៧សែនតោន។ ឥឡូវខ្ញុំសង្ឃឹមថារដ្ឋាភិបាល អាមេរិកនឹងពិនិត្យមើលឡើងវិញហើយបើអាចធ្វើទៅបានកុំមកយកតែឆ្អឹងខ្មោចនៅស្រុកខ្មែរមកជួយយកគ្រាប់បែកដែលនៅសេសសល់ពីស្រុកខ្មែរទៅវិញផង» ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាម រវាងកងទ័ពសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេ រិកជាមួយកងទ័ពខ្មែរក្រហមគាំទ្រដោយ រដ្ឋាភិបាលចិនក្នុងទសវត្សរ៍ឆ្នាំ៧០អាមេរិកបានទម្លាក់គ្រាប់បែកជិត៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជា កន្លះលាននាក់បានស្លាប់បាត់បង់ជីវិតនិងជាច្រើនលាននាក់ត្រូវបានស្លាប់ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀតត្រូវនិរាសព្រាត់ប្រាស់ពីផ្ទះសម្បែង ផងដែរ ។

គ្រាប់បែកគីមីដ៏សាហាវចំនួន២គ្រាប់ ដែលទើបរកឃើញនៅស្រុករមាសហែក ខេត្តស្វាយរៀងដែលមានទម្ងន់២០០គីឡូក្រាមក្នុងមួយគ្រាប់ដែលទម្លាក់ដោយយន្តហោះរបស់អាមេរិកនៅសម័យសង្រ្គាម អាមេរិកនៅកម្ពុជាក្នុងទស្សវត្សឆ្នាំទី៧០។ នៅពេលនេះគ្រាប់ទាំង២នេះបាននិងកំពុង គំរាមកំហែងយ៉ាងខ្លាំងដោយបានបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ សិស្ស និងព្រះ សង្ឃដែលកំពុងរស់នៅក្បែរតំបន់នោះ ៕ ហេង សូរិយា


ចែករំលែក៖