ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ “សមធម៌កម្ពុជា” ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពខុសច្បាប់។
លិខិតផ្ញើជូនលោកអៀង វុទ្ធី ប្រធានអង្គការ”សមធម៌កម្ពុជា” កាលពីថ្ងៃទី២៨ ខែកញ្ញា សម្តេច ស ខេង គូសបញ្ជាក់ថា “ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល”។
សម្តេចក្រឡាហោម បានបន្តទៀតថា “ផ្នែកតាមបទប្បញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ទន្ទឹមនេះអង្គការត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការ ត្រូវផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធ នឹងជម្លោះរវាងក្រុមហ៊ុនភ្នំពេញ PHNOM PENH SUGER ដែលជាក្រុមហ៊ុនទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលកំណត់ខាងលើ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន”។
លិខិតរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីពលរដ្ឋជិត១០០នាក់ រស់នៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ាមុខអង្គការសមធម៌កម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាល ទីតាំងស្ថិតនៅផ្ទះលេខ៥៥ ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលកន្លងមកដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ តែធាតុពិតបម្រើប្រយោជន៍ក្រុមអង្គការតែប៉ុណ្ណោះ។
ពលរដ្ឋតវ៉ាមុខស្នាក់ការអង្គការសមធម៌កម្ពុជា តវ៉ាមុខសហភាពអឺរ៉ុប និង ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅ ។
តំណាងប្រជាពលរដ្ឋ ថ្លែងថា កន្លងមកអង្គការសមធម៌កម្ពុជា តែងតែចេញមុខអះអាងថា ជាអ្នកសម្របសម្រួលបញ្ហា វិវាទដីធ្លី រវាងពលរដ្ឋ និង ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំ អង្គការមួយនេះមិនដែលបានដោះស្រាយបញ្ហាវិវាទនេះឱ្យពិតប្រាកដនោះទេ ។
ពួកគាត់បន្តថា ក្រៅពីញុះញង់ឱ្យប្រជាពលរដ្ឋ ធ្វើតែបាតុកម្ម ទាមទារមិនឈប់ឈរ ដោយគ្មានមូលដ្ឋានច្បាស់លាស់ អង្គការសមធម៌កម្ពុជា មិនព្រមចូលខ្លួន តតាំងចំពោះមុខក្រុមហ៊ុន ឬ អាជ្ញាធរពាក់ព័ន្ធនោះទេ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ជាក់ស្តែងបញ្ហាដែលនៅសេសសល់ រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ គឺក្រុមហ៊ុនតែងតែផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចេញមុខមកចរចារនិងរកដំណោះស្រាយ ក្រុមហ៊ុននឹងផ្តល់នូវសំណងជូនប្រជាពលរដ្ឋ ។ ប៉ុន្តែនៅពេលដែលមានប្រជាពលរដ្ឋ ព្រមទទួលសំណង ឬទៅចរចារជាមួយក្រុមហ៊ុន បែរជាអង្គការសមធម៌កម្ពុជា ចោទពួកគាត់ថា លក់ក្បាលឱ្យក្រុមហ៊ុនចុះចូលជាមួយក្រុមហ៊ុន ឬរាជរដ្ឋាភិបាលទៅវិញ។
ដូច្នេះគោលដៅសំខាន់ ប្រជាពលរដ្ឋ ស្នើសុំឱ្យអង្គកាសមធម៌កម្ពុជា បញ្ឈប់សកម្មភាពញុះញង់ ប្រជាពលរដ្ឋបន្តទៀត ទុកឱ្យប្រជាពលរដ្ឋខ្លួនឯង ដោះស្រាយបញ្ហាដែលនៅសល់តិចតួចជាមួយក្រុមហ៊ុនដោយខ្លួនឯង។
ជុំវិញការតវ៉ានេះ ក្រុមអ្នកសារព័ត៌មានព្យាយាមសុំការបញ្ជាក់ពីអង្គការសមធម៌កម្ពុជា តែគ្មានការឆ្លើយតប។
បន្ទាប់ពីការតវ៉ានៅមុខស្នាក់ការអង្គការសមធម៌កម្ពុជា និងសហភាពអ៊ឺរ៉ុបហើយ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ប្រជាពលរដ្ឋបន្តយកពាក្យបណ្តឹងទៅដាក់នៅ ក្រសួងមហាផ្ទៃ ដោយក្នុងពាក្យបណ្តឹងនោះ ប្រជាពលរដ្ឋបានសរសេរថា “សូមប្តឹងអង្គការសមធម៌កម្ពុជា ពីបទឆបោកហើយឱ្យមានការរើសអើងញុះញង់ឱ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់ក្នុងការតវ៉ាដីធ្លី” ។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយតាមដានអង្គការជួយពិនិត្យមើលអង្គការសមធម៌កម្ពុជានេះ កុំឱ្យបន្តសកម្មភាពនៅកម្ពុជាជាបន្តទៀត៕ចេស្តា