ព័ត៌មានទាន់ហេតុការណ៍៖

ចោទ​ថា​នីតិវិធី​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​ខុស​ ស្ត្រី​ម្នាក់​ជាប់​ចោទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​ ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​

ចែករំលែក៖

ភ្នំពេញ​៖ ដោយ​ចោទ​ថា​ នីតិវិធី​ឃាត់ខ្លួន​និង​កំណត់​ហេតុ​ស្តីពី​ការ​ឃាត់​ខ្លួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​ខុស​នោះ​ ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​ជាប់​ចោទ​បទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទាមទារ​ឱ្យ​មាន​ការ​មោឃភាព​នីតិវិធី​នេះ​ ។
សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ បើក​សវនាការ​រឿង​ក្ដី​នេះ​ជា​អសាធារណៈ​ ហើយ​សាលដីកា​គ្រោង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ខាងមុខ​នេះ​ ។
គួរ​បញ្ជាក់​ថា​ ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​គ្មាន​ទឹកប្រាក់ ចំនួន​ជាង​៤​លានដុល្លារ​អាមេរិក បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាមច្បាប់​។ ក្រោយ​ការ​សាកសួរ​ នៅ​ថ្ងៃទី​០៤​ ខែ​សីហា​  លោក​ពេជ្រ វិជ្ជាធរ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ។
​ស្ត្រី​រូបនេះ​ឈ្មោះ គឹម ចាន់​ស្នូរ អាយុ​៣១​ឆ្នាំ បាន​ត្រូវ​លោក ឯក សំណាង តំណាង​ក្រុមហ៊ុន​អ៊ែត​វូត នាំមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​ ដើម្បី​ធ្វើការ​សាកសួរ​ករណី​ចេញ​សែក​ស្អុយ​ចំនួន​ជាង​៤​លាន​ដុល្លារ​អាមេរិក​។​
​ប្រភពពី​សមត្ថកិច្ច បាន​ឱ្យ​​ដឹងថា ស្ត្រី​រូបនេះ​បាន​ទិញ​ដែក​ពី​ក្រុមហ៊ុន​អ៊ែត​វូត​ជា​បន្តបន្ទាប់ មានតម្លៃ​រហូតដល់​ជាង​៤​លាន​ដុល្លារ ហើយ​ពុំបាន​ទូទាត់​សង​តាម​ការកំណត់ ទើប​ខាង​ក្រុមហ៊ុន តម្រូវអោយ​ស្ត្រី​រូបនេះ​ចេញ​សែក​យកទៅ​ទូទាត់​ជំនួស​ប្រាក់​សុ​ទ្ឋ​វិញ​។ ប៉ុន្តែ​ពេល​យក​សែក​ទៅ​បើក​ទើប​ដឹងថា សែក​នេះ​គ្មាន​ទឹកប្រាក់​ទេ​។​
​ប្រភព​ដដែល​បន្តថា ចំពោះ​ការចោទប្រកាន់​របស់​ក្រុមហ៊ុន ស្ត្រី​រូបនេះ​បាន​បដិសេធ ចោល ដោយ​និយាយថា នាង​បាន​ខ្ចីប្រាក់​ក្រុមហ៊ុន​ដើម្បី​យកទៅ​រកស៊ី​ដោយ​ឱ្យ​ការប្រាក់​ក្នុង​មួយ ខែជាង​៥​ម៉ឺន​ដុល្លារ​។ ក្រោយមក​ខាង​ក្រុមហ៊ុន​បាន​តម្រូវ​ឱ្យ​​នាង​ចេញ​សែក​ទុក​ជាការ ធានា​បំណុល​នេះ ទើប​នាង​យល់ព្រម​ចេញ​ឱ្យ​ពោលគឺ​បានន័យថា ពុំមែន​សែក​យកទៅ​សម្រាប់ បើកប្រាក់​ទេ គឺជា​សែក​សម្រាប់​ដាក់​ធានា​ប៉ុណ្ណោះ​៕ ចេស្តា

ចែករំលែក៖