ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់រាជធានី នឹងបើកដំណើរការ នៅ២-៣ខែខាងមុខនេះ ខណៈច្រកចេញចូលតាមខណ្ឌ មិនទាន់បំរើសេវាជូនពលរដ្ឋបានល្អប្រសើរនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ ការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់រាជធានីគ្រោងបើកឲ្យដំណើរការ នៅ២ទៅ៣ខែខាងមុខនេះ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលតែងតែកើត មានឡើងនាពេលកន្លងមក និងស្របពេលដែលការិយាល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាខណ្ឌនីមួយៗ មិនទាន់បំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនូវឡើយ។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ក្នុងកិច្ចប្រជុំលើការជម្រុញ ការផ្តល់សេវាសាធារណៈ និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៩ កញ្ញានេះ នៅសាលារាជធា នីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីនាយឧត្តមសេនីយ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានថ្លែងថា៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជារឿងសំខាន់ និងចាំបាច់ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ការផ្តល់អត្តសញ្ញាណប័ណ្ណ ការផ្លាស់ប្តូរលំនៅដ្ឋានជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះទេ ក្នុងនាមមន្ត្រីដែលអ្នកទទួលការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ ត្រូវអនុវត្តឲ្យបានល្អជៀសវាងការយកលុយសេវាខាងក្រៅ ពីប្រជាពលរដ្ឋ ។

លោកអភិបាលបានបន្តថា៖ ការិយាល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាខណ្ឌនីមួយៗ នៅមិនទាន់បំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនៅឡើយទេ ដែលតម្រូវឲ្យមន្ត្រីរបស់យើងត្រូវពិនិត្យពីការងាររបស់ខ្លួនឡើងវិញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅពេលមិនយូរទេ ពោលគឺនៅ២ទៅ៣ខែខាងមុខនេះ ការិយាល័យច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានី នឹងបើកឲ្យដំណើរការដើម្បីបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋហើយ។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានជម្រុញឲ្យនគរបាលកាន់លើការងារស្ថិតិត្រូវពិនិត្យលើការងាររបស់ខ្លួនឡើងវិញ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ។

ដោយឡែកលើការងារសន្តិសុខ សុវត្ថិភាពវិញលោក ឃួង ស្រេង ក៏បានជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យលើការងាររបស់ខ្លួនឡើងវិញផងដែរ ពិសេសលើការគ្រប់គ្រងត្រួតពិនិត្យជាប្រចាំ នៅតាមបណ្តាលហាង និងកុងស៊ីបញ្ចាំ បញ្ហាចោរលួច ចោរប្លន់ ការពិនិត្យអាវុធធាតុផ្ទះ បញ្ហាគ្រឿង ញៀន ល្បែងស៊ីសង និងហ្គេមតាមអនឡាញជាដើម សំដៅធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋរស់នៅ ដោយក្តីសុខ ដុមរមនា មិនមានការភិតភ័យ៕ សំរិត


ចែករំលែក៖