ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ២១៤គ្រួសារ ជិត១ពាន់នាក់ត្រូវជម្លៀសចេញពីទីតាំងដោះគ្រាប់បែកនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋពីរភូមិបានជម្លៀសចេញពីលំនៅដ្ឋានជុំវិញទីតាំងដោះគ្រាប់បែកអាមេរិកកាំងទម្លាក់ទសវត្សរ៍ទី៧០នៅចំណុចវត្តគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកស្រី កឹម សំអឿនមេឃុំគគី បានឲ្យដឹងថា ការជម្លៀសពលរដ្ឋជុំវិញទីតាំងមានចំនួនពីរភូមិ គឺភូមិគគី និងភូមិត្រពាំងស្គន់ ចំនួន ២១៤គ្រួសារ ប្រមាណ ៨០០នាក់ទាំងមនុស្សចាស់ និងកូនក្មេង។ ក្នុងពេលជម្លៀស គណៈកម្មការដោះគ្រាប់បែកគីមីអាមេរិក បានចែកបាយកញ្ចប់ជូនពលរដ្ឋចំនួន១០០០កញ្ចប់។

លោកស្រីបន្តថា ការជម្លៀសនេះ ធ្វើឡើងចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ថ្ងៃដដែល ទើប ត្រឡប់ទៅផ្ទះវិញ ពោលគឺជម្លៀសពេលក្រុមដោះគ្រាប់ធ្វើការ ហើយពេលឈប់ធ្វើការពលរដ្ឋត្រឡប់ទៅលំនៅឋានវិញ ។

លោកស្រីបន្ថែមថា ការជម្លៀសនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រហូតដល់គណៈកម្មការ ដោះគ្រាប់បែកបានដោះហើយរួចរាល់ ហើយទីតាំងជម្លៀសមានចម្ងាយជិត២គីឡូម៉ែត្រ ពីវត្តគគី។

ចំពោះប្រតិបត្តិការដោះយកគ្រាប់បែក មានគ្រាប់បែកពីរគ្រាប់ស្ថិតនៅចន្លោះកណ្តាល អគារសាលាបឋមសិក្សា និងសាលាឆាន់វត្តគគីនេះ ហើយគម្រោងដោះគ្រាប់បែកគីមី ស្ថិតក្នុងដី បើយោងតាម លោក ឧត្តមសេនីយ៍ឯក កេ ដា ប្រធាននាយកដ្ឋានប្រឆាំងអវុធគីមីសាស្រ្ត នៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា យុទ្ធនាការនេះ មិនទាន់កំណត់បានថា ប្រើរយៈពេលប៉ុន្មានថ្ងៃនោះទេ ហើយដោយយកបានខ្ចប់ បញ្ជួនយកទៅកន្លែងផ្សេងផងដែរ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវ និងអះអាងពីមន្រ្តីជំនាញ ( សុីម៉ាក់ ) គ្រាប់បែកទាំង២គ្រាប់នេះគឺជាគ្រាប់បែកគីមីប្រភេទChlorobcnzamalononitrilc ( CS ) មានទម្ងន់ប្រមាញ ២០០គីឡូក្រាម/ ១គ្រាប់ ដែលបានទម្លាក់ដោយយន្តហោះអាមេរិក ក្នុងសមយ័សង្រ្គាមអាមេរិកនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ៧០ ៕ យឹម សុថាន


ចែករំលែក៖