ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានអនុញ្ញាតឲ្យលោកថាចឆៃ អាឆៃរីយ៉ារួន អនុព័ន្ធយោធាកងទ័ពអាកាសភូមិន្ទថៃចប់អាណត្តិនៅកម្ពុជាចូលជួប សម្តែងការគួរសមនិងជម្រាបលាបន្ទាប់ពី បំពេញបេសកកម្មការទូតយោធានៅកម្ពុជា អស់រយៈពេលបីឆ្នាំកន្លងមក។
ក្នុងជំនួបនោះ លោក ថាចឆៃ អាឆៃរីយ៉ា រួចលើកឡើងថា ក្នុងរយៈពេលបីឆ្នាំ លោក បំពេញបេសកកម្មនៅកម្ពុជាឃើញទំនាក់ ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែ រីកចម្រើនពិសេសកងទ័ពជើងអាកាស ។
លោកបានបន្តទៀតថា រយៈពេលប៉ុន្មាន ឆ្នាំមកនេះ កងទ័ពជើងអាកាសរបស់កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃជាច្រើនហើយ ការសិក្សាបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរកាន់តែប្រសើរឡើង ។ ជាមួយគ្នា នេះកងទ័ពជើងអាកាសរបស់ថៃបានសិក្សា ស្រាវជ្រាវភាសាខ្មែរក្នុងកងទ័ពជើងអាកាសរបស់កម្ពុជាជាច្រើន ។
លោក ថាចឆៃ អាឆៃរីយ៉ារួន បានអះអាង ទៀតថា បើទោះបីជាលោកបញ្ចប់បេសក កម្ម នៅក្នុងប្រទេសកម្ពុជាលោកនៅតែជំរុញយ៉ាងណាឲ្យថ្នាក់ដឹកនាំទ័ពអាកាសថៃបន្តជួយបណ្តុះបណ្តាលជំនាញផ្នែកអាកាស ដល់កងទ័ព (ខ.ភ.ម.)។
សម្តេចពិជ័យសេនា ទៀ បាញ់ បាន លើកឡើងទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងថៃរយៈពេលចុងក្រោយនេះមានការរីកចម្រើនលើគ្រប់វិស័យមិនថាផ្នែកយោធា និងការទូតនោះទេ។សម្តេចរំពឹងថាទំនាក់ទំនងដ៏ល្អនៃប្រទេសដែលជាភូមិផងរបងជាមួយនេះនឹងមិនមានបញ្ហាអ្វីកើតឡើងទៀតឡើយ ។
សម្តេចបានបន្តទៀតថា ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរស្និទ្ធស្នាល ស្អិតល្មួត ពិសេសនៅតាមបណ្តោយព្រំដែនភាគីទាំងពីរតែងទំនាក់ទំនងគ្នាជាប្រចាំ ។ កត្តានេះ សបញ្ជាក់ឲ្យឃើញថា ប្រជាជនយេីងចង់ រស់ក្នុងសុខសន្តិភាពនិងមានការអភិវឌ្ឍព្រមទាំងមានជីវភាពល្អប្រសើរបន្ថែមទៀត ។
ក្នុងជំនួបនោះសម្តេចពិជ័យសេនាបានថ្លែងអំណរអគុណដល់កងទ័ពជើងអាកាស ភូមិន្ទថៃជួយបណ្តុះបណ្តាលផ្នែកអាកាស ដល់កងទ័ពកម្ពុជានាពេលកន្លងមកក៏ដូច ជាអនាគតផងដែរ ៕ សុខដុម