ព័ត៌មានទាន់ហេតុការណ៍៖

សត្វក្រពើជាង២០គីឡូក្រាមមួយក្បាលបម្រុងឆ្លងដែនត្រូវកម្លាំងនគរបាលល្បាតឃើញចាប់ប្រគល់ឲ្យជំនាញ

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលការពារព្រំដែនម្នាក់ ចាប់បានសត្វក្រពើ១ក្បាល ទម្ងន់ជាង២០គីឡូក្រាមបម្រុងឆ្លងដែនទៅប្រទេសថៃនោះយកមកប្រគល់ឲ្យមន្ត្រីជលផលនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរស្រុកអូរជ្រៅ ។

លោកសុខ ផលនាយរងប៉ុស្តិ៍អូរបីជាន់បានឲ្យដឹងថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ រួមជាមួយកម្លាំននគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ចេញល្បាតពេលយប់ បានប្រទះឃើញក្រពើ១ក្បាលទម្ងន់ជាង២០គីឡូក្រាម ដែលកំពុងវារឆ្លងអូរព្រំដែន កម្ពុជា-ថៃ បំណងវារឆ្លងទៅខាងថៃ រួចក៏ចាប់បាន។

ក្រោយពីកម្លាំងនគរបាលចាប់បានក្រពើ១ក្បាល ទម្ងន់ប្រមាណជាង២០គីឡូក្រាមហើយ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ លុះព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានប្រគល់ជូនមន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុកអូរជ្រៅទទួលយកដើម្បីយកទៅលែងកន្លែងអភិរក្ស។

លោកបញ្ជាក់ថា ក្រពើមួយក្បាលនេះ មិនមែនជាក្រពើចិញ្ចឹមនោះឡើយ ហើយក៏មិនមែនជាក្រពើរួចចេញពីប្រទេសថៃ មកតាមទឹកជន់នោះដែរ ព្រោះក្រពើមួយក្បាលនេះចេញពីបឹងធម្មជាតិនៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលយប់កើតហេតុ លោកបានចេញល្បាត់ ក៏ប្រទះឃើញសត្វក្រពើនេះវារចេញពីតំបន់បឹងធម្មជាតិឆ្លងផ្លូវទើបចាប់ទុក ខ្លាចក្រពើមួយក្បាលនេះ វារឆ្លងដែនជួបនឹងព្រានអាចឈមទៅនឹងបាត់បង់ជីវិត ដោយសារព្រានព្រៃចាប់យកទៅលក់ ឬយកទៅធ្វើម្ហួប៕ វណ្ណា


ចែករំលែក៖