ព័ត៌មានទាន់ហេតុការណ៍៖

ឡានឡិចស៊ីស៣៣០ដែលចោរលួចទាំងព្រឹកពីខណ្ឌចំការមននោះត្រូវភ្លើងឆាបឆេះខណៈបើករត់ដល់ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យលួចរថយន្ត១គ្រឿងទាំងព្រឹកតែម្តង ហើយបើកបុករះ និងរត់គេចខ្លួន​រហូតដល់ខណ្ឌដង្កោ រថយន្តត្រូវភ្លើងឆេះ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បឋមបញ្ជាក់ថា រថយន្តឡិចស៊ីស៣៣០មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AK2331 ពណ៌ស្ករ ត្រូវជនសង្ស័យធ្វើសកម្មភាពលួចចេញពីសង្កាត់បឹងត្របែក ខណ្ឌចំការមន។ បន្ទាប់ពីលួចបានហើយជនសង្ស័យបានបើករត់ បង្កឲ្យបុករះម៉ូតូជាច្រើនគ្រឿង
រត់គេចខ្លួនឆ្ពោះទៅកាន់ផ្លូវ៣៧១ ហើយសមត្ថកិច្ចបានសហការធ្វើអន្តរាគមន៍តាមប្រមាញ់ជនសង្ស័យដែលថ្លើមធំហ៊ានលួចរថយន្តទាំងព្រឹកបែបនេះ ។

លុះបន្តិចក្រោយមក នៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចបានតាមទាន់រថយន្តខាងលើស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែ រថយន្តនោះបែរជាត្រូវភ្លើងឆាបឆេះទៅវិញ  សមត្ថកិច្ចក៏ហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។ មូលហេតុដែលបង្កឲ្យរថយន្តនេះឆេះ គឺជនសង្ស័យបានបើកបុកជាមួយម៉ូតូដឹកប្រេងសាំង ទើបបង្កឲ្យអគ្គីភ័យកើតឡើងតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបានភ្លាមៗ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសួរនាំ៕ ស រស្មី

ជនសង្ស័យលួចឡាន

 


ចែករំលែក៖