ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងចុះត្រួតពិនិត្យប្រឡាយទឹកក្នុងខណ្ឌចំនួន៣ដើម្បីរកមូលហេតុដែលនាំឲ្យទឹកជន់លិច​

ចែករំលែក៖

ភ្នំពេញៈ ក្រោយ​ពី​ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យតំបន់១ចំនួននៅក្នុងរាជធានីរងគ្រោះលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ លោក អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញខាងធនធានទឹក ដើម្បីចុះត្រួតពិនិត្យ និងស្រាវជ្រាវតាមប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ៣ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។

ក្នុងនោះក៏មានការចូលរួមចុះផ្ទាល់ពីសំណាក់លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងលោក ឡុង ង៉ែត អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីការិយាល័យខណ្ឌទាំង៣។

ក្នុងការចុះត្រួតពិនិត្យប្រឡាយនោះ បើយោងតាមការឲ្យដឹងពីមន្ត្រី ជំនាញបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសំណាក់លោក​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាដឹកនាំផ្ទាល់ដោយ លោក​ អៀង អូននី អភិបាលរងរាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងប្រឡាយក្នុងភូមិសាស្ត្រ៣ខណ្ឌ ដូចបានរៀបរាប់ខាងនេះ ថាតើវាមានការកក់ស្ទះលូ ឬប្រឡាយយ៉ាងម៉េច។ ដោយឡែកក្នុងគោលបំណងរបស់សាលារាជធានីចង់ដឹងបញ្ហានៅពេលដែលភ្លៀងខ្លាំងម្តងៗ គឺទឹកហូរមិនទាន់បណ្តាលឲ្យលិចផ្លូវ ផ្ទះសម្បែងពលរដ្ឋ​ ជាពិសេសស្ទះចរាចរណ៍នៅពេលមេឃភ្លៀងនេះតែម្តង។

មន្ត្រីដដែលបន្តថា ហេតុដូច្នេះហើយបានជាសាលារាជធានីស្វែងរកថាពេលមេឃភ្លៀងទឹកហូរទៅណា ចឹងថ្ងៃនេះចុះត្រួតពិនិត្យមើលដើម្បីសម្រួល ផ្លុវទឹក ហើយកាលពីមុនមានកន្លែងខ្លះលូរតូចៗសម្រួលផ្លូវមិនបានទាន់ពេលវេលា។ ឥឡូវតម្រូវការប្រើប្រាស់ទឹកកាន់តែខ្លាំង ហើយភ្លៀងក៏ខ្លាំងធ្វើឲ្យលូរហូរមិនទាន់ ហើយម្យ៉ាងកាកសំណល់សំរាមពលរដ្ឋយើងចោលពាសវាលពាសកាលទៅក្នុងប្រឡាយលូរជាដើម។​ ចឹងអាជ្ញាធររាជធានីត្រូវការសិក្សានិងស្តារឡើងវិញ។

ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាបរិស្ថាន ដូចជាសំរាមត្រូវរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវកំបោះចោលសំរាមក្នុងលូរ ឬប្រឡាយ ឬយកសំរាមដាក់មាត់លូរ ព្រោះថានៅពេលដែលភ្លៀងម្តងៗសំរាមនោះហូរតាមទឹកធ្លាក់ចូលក្នុងលូរអាចបណ្តាលឲ្យស្ទះ៕ តុង សីហា-តាឡឹម

 

 


ចែករំលែក៖