ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចទិញផ្លូវនិងស្ពានលីយ៉ុងផាត់ព្រែកព្នៅជូនពលរដ្ឋធ្វើដំណើរដោយមិនបង់ប្រាក់ចាប់ពីថ្ងៃទី១៥ ខែតុលា

ចែករំលែក៖

ភ្នំពេញ៖ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈទិញ យកស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅមកគ្រប់គ្រងវិញ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ នឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង បញ្ជាក់នៅលើហ្វេសប៊ុករបស់សម្តេចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើក កម្ពស់ជីវភាពប្រជាជន ពិសេសសម្រួល ដល់ការធ្វើដំណើរទៅមករបស់ប្រជាពល រដ្ឋចាប់ពីម៉ោង០០:០០នាទីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៧នេះតទៅស្ពាននិងផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ៦Aទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេរាជរដ្ឋាភិបាលនឹងទិញយកមក គ្រប់គ្រងវិញ» ។

សម្តេចតេជោបានមានប្រសាសន៍បន្ត ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង សាធារណការ និងដឹកជញ្ជូន សាលារាជ ធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុនដើម្បីពិនិត្យដោះស្រាយ បញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ» ។

សូមជម្រាបថា ស្ពាន លី យ៉ុងផាត់ បាន ដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដែលវិនិយោគ និង សាងសង់ដោយក្រុមហ៊ុន LYP Group ទឹក ប្រាក់សរុប៤៣លានដុល្លារអាមេរិក។ ស្ពាន នេះមានបណ្តោយ៩៩៦ម៉ែត្រនិងទទឹង ១៤ម៉ែត្រតភ្ជាប់ពីផ្លូវកប់ស្រូវ(ត្រើយខាងលិចបឹងទន្លេសាប) ទៅចំណុចស្ពានទី៦ ផ្លូវ ជាតិ៦A (ត្រើយខាងកើតបឹងទនេ្លសាប) ដែលតម្រូវឲ្យមានការសាងសង់ផ្លូវបេតុង ប្រវែង៨១៧០ម៉ែត្រភ្ជាប់ពីគល់ស្ពានត្រើយ ខាងកើតទៅផ្លូវជាតិលេខ៦»។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោនៅលើទំព័រហ្វេសប៊ុកប្រជាពលរដ្ឋ កម្ពុជាគ្រប់ៗរូបបានអបអរសាទរដូចៗគ្នាចំពោះការផ្តល់ជូនកាដូដ៏ធំមួយនាពេលនេះពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្រោយបង្ហោះតាមហ្វេសប៊ុករបស់ សម្តេចតេជោជុំវិញចំណុចនេះមិនទាន់បានមួយម៉ោងផងមានគណនីហ្វេសប៊ុករបស់ ជនរួមជាតិកម្ពុជាជាង៥ម៉ឺននាក់បានចុច Like (ចូលចិត្ត) ខណៈដែលពលរដ្ឋជិត ២ពាន់នាក់បាន Share(ចែករំលែក)ការ ប្រកាសនេះ ហើយមានអ្នកចូលទៅ Comment (មតិ) រាប់រយនាក់ព្រមៗគ្នាផងដែរ។

ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Soupry Sles បានសរសេរថា «សូមថ្លែងអំណរអរគុណសម្តេចអ៊ំស្រលាញ់និងគោរព សម្តេចអ៊ំត្រង់ហ្នឹងពេលដែលប្រជាពលរដ្ឋមានបញ្ហា និងជួបការលំបាកគឺលោកអ៊ំ តែងតែចេញមុខដោះស្រាយភ្លាមៗ និង នៅជាមួយប្រជាពលរដ្ឋរហូតគោរពនិង គាំទ្រសម្តេចអ៊ំជានិច្ច» ។

ស្របគ្នានេះអ្នកប្រើប្រាស់ហ្វេសបុ៊កម្នាក់ទៀតឈ្មោះថា Om Chetchannara បាន ថ្លែងអំណរគុណដល់សម្តេចថា «អរគុណ សម្តេចខ្លាំងណាស់ ព្រោះក្មួយទើបតែចាប់ផ្តើមបង់រំលស់ផ្ទះនៅម្តុំនោះដែលត្រូវឆ្លងកាត់ទីនោះរាល់ថ្ងៃនៅពេលមិនគិតប្រាក់បែបនេះពិតជាកាត់បន្ថយការចំណាយបានច្រើនមែនទែន»។

ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ ធារ៉ា ស្រលាញ់សន្តិភាព បានលើកឡើងថា «សូមថ្លែងអំណរអរគុណសម្តេចអ៊ំស្រលាញ់និងគោរព សម្តេចអ៊ំត្រង់ហ្នឹងពេលដែល ប្រជាពលរដ្ឋមានបញ្ហា និងជួបការលំបាក គឺលោកអ៊ំតែងតែចេញមុខដោះស្រាយ ភ្លាមៗ និងនៅជាមួយប្រជាពលរដ្ឋរហូត គោរពនិងគាំទ្រសម្តេចអ៊ំជានិច្ច»។

ដូចគ្នានេះផងដែរពលរដ្ឋដែលមាន ហ្វេសប៊ុកឈ្មោះ Khiev Tola បានរៀបរាប់ ថា «សូមអបអរសាទរចំពោះព័ត៌មានដ៏ល្អនិងជាស្នាដៃថ្មីមួយទៀតរបស់សម្តេចតេជោ ដើម្បីដោះស្រាយការលំបាករបស់ប្រជា ពលរដ្ឋ។ សូមថ្លែងអំណរគុណសម្តេច តេជោតែងតែមិនភ្លេចសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សុខទុក្ខរបស់រាស្រ្តជាសុខទុក្ខសម្តេចតេជោ សូមជូនពរសម្តេចតេជោ មានសុខភាពល្អបរិបូណ៌ និងជោគជ័យ គ្រប់ភារកិច្ចការងារ» ។

គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Chan Sambath បានបញ្ជាក់ថា « អរគុណសម្តេច តេជោ ហ៊ុន សែន!!! សម្តេចតែងតែជួយ រំលែកទុក្ខកង្វល់ព្រមទាំងដោះស្រាយជូនពលរដ្នគ្រប់កាលៈទេសៈទាំងអស់។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូន ប្រទេស និងប្រជាជនកម្ពុជា»៕ ហេង សូរិយា


ចែករំលែក៖