ខេត្តកំពង់ចាម៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង០០ នាទី នៅចំណុច វាលស្រែផ្លូវលេខ២២២ ខាងកើតភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ មានកើតករណីលួចមានស្ថានទម្ងន់(ធាក់ប្លន់យកម៉ូតូ)០១លើក ដែលប្រព្រឹត្តដោយជនសង្ស័យមានគ្នា៣នាក់ ស្រី០១នាក់។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះបានរៀបរាប់ថា អ្នកឌុបស្លៀកខោខូវបូយខ្លី ពណ៌ខ្មៅ ពាក់អាវដៃខ្លី ពណ៌ខ្មៅ និងមនុស្សប្រុសម្នាក់ទៀតស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវពណ៌អំពិល ចំណែកមនុស្សស្រីពាក់អាវឈុតផ្កាពណ៌ស បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ
ផលិតឆ្នាំ២០១៥ គ្មានស្លាកលេខ បានធ្វើសកម្មភាពជិះមកក្បែរជនរងគ្រោះឈ្មោះ ពុធ សាវុធ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ធ្វើសកម្មភាពយកកូនកាំបិតគ្រវីដាក់ជនរងគ្រោះ ហើយជនសង្ស័យម្នាក់ ទៀត បានវាយត្រូវមុខជនរងគ្រោះ១ដៃ និងបណ្តើមយកម៉ូតូម៉ាក វេវឆ្លាម ពណ៌ ខ្មៅ ផលិតឆ្នាំ២០១២ គ្មានស្លាកលេខ ព្រមទាំងទឹកប្រាក់ចំនួន១២០.០០០រៀល និងឯកសារធនាគារមួយចំនួន ដែលទុកក្រោមកែបម៉ូតូ ជិះទៅទិសខាងកើតចូលទឹកដីស្រុកស្ទឹងត្រង់បាត់។
ករណីនេះ ជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត និងកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ